Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែដេញចេញ លួចដុតចម្ការកៅស៊ូចោល

ថៅកែដេញចេញ លួចដុតចម្ការកៅស៊ូចោល

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យជាកម្មករចម្ការកៅស៊ូម្នាក់ ខឹងរឿងថៅកែ (ម្ចាស់ចម្ការកៅស៊ូ) បណ្តេញចេញ ឈប់ឱ្យធ្វើការ ស្រាប់តែចងគំនុំ ធ្វើសកម្មភាពលួចដុតចម្ការកៅស៊ូរបស់ថៅកែ បណ្តាលឱ្យឆេះដើមកៅស៊ូ អស់ជាច្រើនដើម ផ្អើលដល់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទប់ស្កាត់ ទាន់ពេល ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចដុតចម្ការកៅស៊ូនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចចម្ការកៅស៊ូ ១កន្លែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ រហូតមកដល់វេលារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចជំនាញស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យ បាន។

ជនសង្ស័យដែលលួចដុតចម្ការកៅស៊ូរបស់ថៅកែខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជួន វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអតីតកម្មករចម្ការកៅស៊ូកើតហេតុខាងលើ មានលំនៅ ភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ចំណែកជនរងគ្រោះ មាន ឈ្មោះជួ លាងហួរ ភេទស្រី អាយុ៦២ឆ្នាំ ជាម្ចាស់ ចម្ការកៅស៊ូ មានលំនៅ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តស្ទឹងត្រែង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះជួន វីរៈ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា (លួចដុតចំការកៅស៊ូ ឆេះអស់ជាច្រើនដើម) និងប្រើប្រាស់នូវសារធាតុញៀន។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះជួន វីរៈ បានធ្វើសកម្មភាពលួចដុតចម្ការកៅស៊ូរបស់ឈ្មោះជួ លាងហួរ បណ្តាលឱ្យខូច ខាតដើមកៅស៊ូ អស់ជាច្រើនដើម។ បន្ទាប់ពីដុតចម្ការកៅស៊ូ រួចហើយ ជនសង្ស័យខាងលើបានរត់គេច ខ្លួនបាត់។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្ទឹងត្រែង និងដឹកនាំបញ្ជាដោយលោកឧត្តមសេនីត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការ ជាមួយ លោកអធិការនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ ខ្លួនជន សង្ស័យបាន នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ រួចក៏នាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជួន វីរៈ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដុតចម្ការកៅ ស៊ូនោះ មែន មូលហេតុដោយសារតែខឹងម្ចាស់ចម្ការ ដេញឈប់ឱ្យធ្វើការតទៅទៀត។យោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចជំនាញបាន រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES