ខេត្តបន្ទាយមានជ័យ ៖ កម្លាំងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជូនជនជាតិថៃ ប្រុសស្រី ចំនួន២៥នាក់ ឱ្យកម្លាំងសមត្ថកិច្ចថៃ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត។
លោកជួន សារី នាយរងប៉ុស្តិ៍ច្រកទ្វារ បានបញ្ជាក់ថា កម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយលោកយឿម ម៉ាន់ អនុប្រធាននាយកដ្ឋាន សហការជាមួយអាជ្ញាធរ បានបណ្តេញចេញជនជាតិថៃ ២៥នាក់ ក្នុងនោះស្រី ១៣នាក់ ពីបទលួចឆ្លងដែនខុសច្បាប់ ស្នាក់នៅធ្វើការក្នុងប្រទេសកម្ពុជា គ្មានច្បាប់អនុញ្ញាត។
យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ប៉ុស្តិ៍ បានប្រថាប់ត្រា ហាមចូលប្រទេស រយៈពេល៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈនាយរងផ្នែកនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ បានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត។
សូមបញ្ជាក់ថា កម្លាំងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែងសហការជាមួយអាជ្ញាធរ អនុវត្តជាប់ជានិច្ច និងចាប់បញ្ជូនជនបរទេស តាមច្រកទ្វារអន្តរជាតិ ដែលចូលមកស្នាក់នៅដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់៕