Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្ត្រីខឹង ឡើងលើស្ពានអាកាស ឈរយំ

 ស្ត្រីខឹង ឡើងលើស្ពានអាកាស ឈរយំ

ភ្នំពេញ ៖ ស្ត្រីម្នាក់ មិនដឹងជាមានវិបត្តិរឿងអ្វី ស្រាប់តែត្រូវបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញក្នុងសភាព ទឹកភ្នែកជោកថ្ពាល់ កំពុងឈរតោងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ធ្វើឱ្យកើតមានការសង្ស័យ ព្រួយបារម្ភក្រែងស្ត្រីរូបនោះមានគំនិតខ្លី ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់សាកសួរ ក៏ត្រូវស្ត្រីខាងលើប្រាប់ថា គាត់ឈ្លោះជាមួយប្តី ទើបឡើងមកឈរយំលើស្ពាន ឱ្យធូរទ្រូង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លើត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ស្ត្រីដែលឈរទួញយំនៅលើស្ពានអាកាសនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋ ជាអ្នកដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ បានផ្តល់ដំណឹងមកសមត្ថកិច្ចថា បានប្រទះឃើញមនុស្សស្រីម្នាក់ ឈរយំហើយតោងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ មិនដឹងថាមានគោលបំណងអ្វីឱ្យប្រាកដនោះទេ។

ប្រភពដដែល បន្តថា ភ្លាមនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានប្រញាប់ឡើងទៅកាន់ទីតាំងខាងលើ ក៏ប្រទះឃើញស្ត្រីម្នាក់កំពុងឈរយំតោងបង្កាន់ដៃស្ពានមែន ទើបចូលទៅសួរនាំ តែស្ត្រីរូបនោះមិនបាននិយាយស្តីអ្វីទាំងអស់ ដោយគិតតែពីយំ។

ប្រភពខាងលើ បញ្ជាក់ថា លុះមួយសន្ទុះមកទៀត ក្រោយពីសមត្ថកិច្ចបានព្យាយាមនិយាយលួងលោម ទើបស្ត្រីខាងលើ បានប្រាប់ថា គាត់មានបញ្ហាឈ្លោះប្រកែកជាមួយប្តីតិចតួច ហើយគាត់ក៏ដើរមកលេងលើស្ពាន ដើម្បីឱ្យធូរទ្រូង។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងហៅសាច់ញាតិស្ត្រីខាងលើ ឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES