Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ហោះម៉ូតូអួតប៉ូលិស ជាប់ខ្នោះ៤នាក់

បង្ហោះម៉ូតូអួតប៉ូលិស ជាប់ខ្នោះ៤នាក់

ខេត្តកណ្តាល ៖ ក្មេងទំនើងឈាមរាវ ១ក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូលើដងផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ គាប់ជួនត្រូវកម្លាំងល្បាតប្រទះឃើញ ក៏ចាប់ក្របួចជាប់ ចំនួន៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តាយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល។

ក្មេងទំនើងទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះមឿន សានីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិព្រែកផ្តៅ ឃុំរការកោងទី១ ស្រុកមុខកំពូល។ ទី២-ឈ្មោះឆិល គឹមសេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិព្រែកផ្តៅ ឃុំរការកោងទី១ ស្រុកមុខកំពូល។ ទី៣-ឈ្មោះផាន នីមល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិព្រែកផ្តៅ ឃុំរការកោងទី១ ស្រុកមុខកំពូល និងទី៤-ឈ្មោះប៉ក់ ស៊ីថៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិព្រែកផ្តៅ ឃុំរការកោងទី១ ស្រុកមុខកំពូល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅតាមបណ្តាយផ្លូវជាតិលេខ៦ ភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយឃាត់ខ្លួនក្រុមក្មេងទំនើង បានចំនួន៤នាក់ និងដកហូតវត្ថុតាង ម៉ូតូ ចំនួន២គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០០៨ ឡើងតែមឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-9482 ២-ម៉ាកវីវ៉ា ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ កណ្តាល 1H-5844) ទូរស័ព្ទ ចំនួន៣គ្រឿង (ម៉ាក iPhone XS Max ចំនួន១គ្រឿង និងម៉ាក iPhone 7 Plus ចំនួន២គ្រឿង)។

ប្រភពដដែល បន្តថា  មុនឈានដល់ការបង្ក្រាបក្រុមក្មេងទំនើងខាងលើ  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរការកោងទី២ បានចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ លុះពេលល្បាតដល់ចំណុចកើតហេតុខាងលើ ក៏បានជួបក្រុមក្មេងទំនើងខាងលើ មានគ្នា៤នាក់ ជិះម៉ូតូ ២គ្រឿង កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមដងផ្លូវជាតិលេខ៦។ ភ្លាមនោះសមត្ថកិច្ច បានធ្វើការដេញដល់ចំណុចឃុំរកាកោងទី១ ទើបឃាត់ខ្លួនបានក្រុមក្មេងទំនើងទាំង៤នាក់នោះ និងដកហូតម៉ូតូជិះធ្វើសកម្មភាព ចំនួន២គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៤នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈប្រាកដមែន។

ក្រុមក្មេងទំនើងទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីអប់រំ ធ្វើកិច្ចសន្យា មុននឹងឲ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត៕

RELATED ARTICLES