Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរគាស់កុដិចៅអធិការ លួចបច្ច័យនិងវត្ថុស័ក្តិសិទ្ធិ 

ចោរគាស់កុដិចៅអធិការ លួចបច្ច័យនិងវត្ថុស័ក្តិសិទ្ធិ 

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ១ក្រុម បានធ្វើសកម្មភាពវ៉ៃកម្ទេចសោទ្វារកុដិព្រះចៅអធិការ  ក្នុងបរិវេណវត្តមួយកន្លែង ស្ថិតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ រួចចូលលួចយកបច្ច័យ និងវត្ថុស័ក្តិ សិទ្ធិ ដូចជា ចែកាច់ ខ្នាយតាន់  នាងពួន និងចង្កូមខ្លា យកទៅបាត់ដោយសុវត្ថិភាព។

ករណីលួចគាស់កុដិព្រះសង្ឃ លួចបច្ច័យ និងវត្ថុស័ក្តិសិទ្ធិនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្នុងបរិវេណវត្តសុវណ្ណរតនាគិរីសត្ថារាម ហៅវត្តភ្នំអាតោ ស្ថិតក្នុងភូមិកំភ្លូ ឃុំចុងកាល់ ស្រុកចុងកាល់។

យោងតាមព្រះតេជគុណ ព្រះនាម កែវ រតនា ចៅអធិការវត្តភ្នំអាតោ បានថេរដីកា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា កាលពីម្សិលមិញនេះ ព្រះអង្គបាននិមន្តទៅកម្មវិធីបុណ្យ នៅស្រុកអន្លង់វែង ហើយនៅក្នុងវត្ត នៅសល់កូននេន ប្រមាណ៣ ទៅ៤អង្គប៉ុណ្ណោះ។ លុះខណៈដែលព្រះអង្គកំពុងចូលរួមកម្មវិធីបុណ្យ ក៏មានកូននេនបានទូរស័ព្ទប្រគេនព្រះអង្គថា មានចោរលួចគាស់វ៉ៃសោទ្វារកុដិព្រះអង្គ លួចយកបច្ច័យ សម្ភារៈមានតម្លៃ ពិសេសវត្ថុស័ក្តិសិទ្ធិ នៅក្នុងកុដិ ហើយខណៈនោះ ក៏មានប្រជាពុទ្ធបរិស័ទនៅជិតបរិវេណវត្ត បានមកទាន់ដែរ តែត្រូវបានក្រុមចោរអស់ទាំងនោះដឹងទាន់ ក៏នាំគ្នារត់ទៅបាត់អស់ ដោយយកទាំងរបស់របរនៅក្នុងកុដិលោក ទៅបាត់តែម្តង។

បើតាមព្រះចៅអធិការវត្តភ្នំអាតោ សម្ភារៈដែលត្រូវចោរលួចពីក្នុងកុដិ រួមមាន បច្ច័យមួយចំនួន ព្រមទាំងវត្ថុស័ក្តិសិទ្ធិ ដូចជា ចែកាច់ ខ្នាយតាន់  នាងពួន និងចង្កូមខ្លា ជាដើម។

ព្រះតេជគុណព្រះចៅអធិការវត្ត បន្តថា កន្លងមកក៏មានករណីបែបនេះជាច្រើនដងមកហើយ ហើយនៅយប់ខ្លះ ក៏មានក្រុមទុច្ចរិតលួចដុតព្រៃក្បែរវត្ត តែត្រូវបានព្រះសង្ឃជួយពន្លត់ទាន់ពេល។ ក្នុងនាមជាព្រះចៅអធិការវត្ត ក៏ដូចជាពុទ្ធបរិស័ទ សុំបិណ្ឌបាតដល់ញោមអាជ្ញាធរភូមិ ឃុំ និងសមត្ថកិច្ច មេត្តាជួយទប់ស្កាត់បញ្ហាអសន្តិសុខនៅក្នុងបរិវេណវត្តផង ពីព្រោះថា ក្នុងទីវត្តអារាម ពុំមានមនុស្សច្រើនទេ ហើយក្នុងវត្ត សព្វថ្ងៃនេះ មានកូននេនតូចៗ ប្រមាណ៤ទៅ៥អង្គប៉ុណ្ណោះ ក្រៅពីនោះ សឹកអស់ហើយ។ ម្យ៉ាងទីវត្តអារាមនេះ មានស្ថានភាពស្ងប់ស្ងាត់ហើយនៅឆ្ងាយពីអ្នកស្រុក ជាតំបន់ដាច់ស្រយាលផងដែរ៕

RELATED ARTICLES