Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គូស្នេហ៍នាំគ្នាដេកផ្ទះសំណាក់ ជួញជក់ថ្នាំញៀន ជាប់ខ្នោះ

 គូស្នេហ៍នាំគ្នាដេកផ្ទះសំណាក់ ជួញជក់ថ្នាំញៀន ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យជាគូស្នេហ៍ ១គូ បានទិញថ្នាំញៀន ពីបក្ខពួក ក្នុងតម្លៃ៤០ម៉ឺនរៀល យកមកទុកលក់បន្ត និងប្រើប្រាស់ លុះមកដល់បន្ទប់ផ្ទះសំណាក់ ស្រាប់តែត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះទាំង២នាក់ ដោយដកហូតបានថ្នាំញៀន ១កញ្ចប់ធំ នាំយកទៅចាត់ការតាមច្បាប់។

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះយ៉ុន ថារី ហៅចេ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២-ឈ្មោះធី នី ហៅគ្នី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យក រួមមាន ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន១កញ្ចប់ធំ ទម្ងន់ (៩,៤៨ក្រាម)។ ២-ទូរស័ព្ទដៃ ម៉ាក Realme ពណ៌ត្រួយចេកខ្ចី ១គ្រឿង។ ៣-ក្រដាសវេរលុយវីង ១សន្លឹក។ ៤-កូនសៀវភៅ ១ក្បាល និង៥-សម្ភារៈប្រើប្រាស់ថ្នាំញៀន មួយចំនួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាជួញដូរថ្នាំញៀន មកពីសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ចូលមកស្នាក់នៅផ្ទះសំណាក់គគីរ ក្នុងបន្ទប់លេខ១៦ ស្ថិតនៅភូមិគគីរ ឃុំគគីរ ភ្លាមនោះ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសុំកិច្ចសហការជាមួយម្ចាស់ផ្ទះសំណាក់ ដើម្បីធ្វើការឆែកឆេរនៅក្នុងបន្ទប់នោះ ក៏បានឃើញជនសង្ស័យ ២នាក់ (ស្រី១) ទើបធ្វើការសាកសួនិងឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ។

ភ្លាមនោះកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង យកទៅសាកសួរនៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន។

 នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ថ្នាំញៀន ម៉ាទឹកកក ខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់ អាយុប្រហែល៣៨ឆ្នាំ នៅច្រាំងបាក់ ខណ្ឌច្បារអំពៅ តំលៃ៤០ម៉ឺនរៀល ដើម្បីយកមកលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង។

ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES