Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុក ប្រើល្បិចជូនទៅពេទ្យ ស៊ីដាច់លុយ និងទូរស័ព្ទ

បើកឡានបុក ប្រើល្បិចជូនទៅពេទ្យ ស៊ីដាច់លុយ និងទូរស័ព្ទ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវ ស្រាប់តែត្រូវបុរសម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ជ្រូលមកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ ចំណែកប្តី រងរបួសស្រាល ហើយភ្លាមនោះ អ្នកបើកបររថយន្ត បានស្វះស្វែងជួយដឹកជនរងគ្រោះទៅសង្គ្រោះ ស្រាប់តែពេលទៅដល់ បែរជាប្រើល្បិចយកលុយនិងទូរស័ព្ទរបស់ជនរងគ្រោះ ដែលដាក់ក្នុងរថយន្តរបស់ខ្លួន គេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចភ្លើងស្តុបវត្តជន្លង់ម្លូ ស្ថិតក្នុងភូមិព្រែរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ដែលត្រូវរថយន្តបុក បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ស្ត្រីជាប្រពន្ធ មានឈ្មោះសួង សម្បូរ អាយុ៣៨ឆ្នាំ (របួសធ្ងន់) ។ ចំណែកបុរសជាប្តី មានឈ្មោះភឺន សុភន អាយុ៤២ឆ្នាំ រងរបួសស្រាល។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិថ្មី ឃុំកណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកបុរសជាអ្នកបើកបរ រថយន្តបង្កហេតុ ដែលបានយកទាំងទូរស័ព្ទ និងលុយកាក់របស់ជនរងគ្រោះទៅបាត់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បើករថយន្តម៉ាក Lexus RX-330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5643។ ដោយឡែក ទ្រព្យសម្បត្តិរបស់ជនរងគ្រោះដែលបាត់បង់ រួមមាន ទូរស័ព្ទដៃ ១គ្រឿង លុយចំនួន ១៥០ដុល្លារ និង ១០ម៉ឺនរៀល ឯកសារបង់ប្រាក់ធនាគារ ថ្នាំពេទ្យ និងកាតការងាររោងចក្រ ព្រមទាំងមួកសុវត្ថិ ភាពផងដែរ។

តាមប្រភពសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-7559 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5643 បើកបរក្នុងល្បឿនលឿន បានជ្រុលមកបុកពីក្រោយម៉ូតូពួកគាត់ពេញទំហឹង បណ្តាលឱ្យដួលម៉ូតូ និងធ្វើឱ្យស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ ចំណែកប្តី រងរបួសស្រាល។ រីឯម៉ូតូ រងការខូចខាត ខ្ទេច១កំណាត់ខាងក្រោយ។

ប្រភពដដែល បន្តថា ក្រោយពេលកើតហេតុ ជនបង្កហេតុ ជាម្ចាស់រថយន្ត បានធានាថា នឹងទទួលខុសត្រូវដោះស្រាយជាមួយជនរងគ្រោះ។ បន្ទាប់មក ជនបង្កហេតុ បានប្រមូលយកទ្រព្យសម្បត្តិរបស់ពួកគាត់ ដាក់ក្នុងរថយន្ត រួចបានជួយសែងស្ត្រីរងគ្រោះជាប្រពន្ធ ដាក់ក្នុងរថយន្ត ហើយដឹកទៅកាន់មន្ទីរពហុព្យាបាលនិងសម្ភព វិសាល នៅម្តុំជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់មន្ទីរពេទ្យ ឆ្លៀតពេលដែលបុរសជាប្តីភ្លេចខ្លួន បុរសជាអ្នកបើករថយន្តបង្កហេតុ បានយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះទាំង អស ខាងលើ បើករថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយកើតហេតុ ជនរងគ្រោះជាប្តី បានទូរស័ព្ទសួរនាំ និងហៅឱ្យបុរសរូបនោះឱ្យត្រឡប់មកវិញ ដើម្បីដោះស្រាយគ្នា តែខលចូលច្រើនដង បុរសនោះមិនទទួល។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ដើម្បីជួយធ្វើការស្រាវជ្រាវស្វែងរកជនបង្កហេតុ ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

RELATED ARTICLES