Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រដ្ឋបាលខេត្តត្បូងឃ្មុំ ណែនាំទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក នៅស្រុកក្រូចឆ្មារ

 រដ្ឋបាលខេត្តត្បូងឃ្មុំ ណែនាំទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក នៅស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា «កន្លង មក រដ្ឋបាលខេត្តត្បូងឃ្មុំ តែងតែប្រជុំណែនាំដល់កម្លាំងមានសមត្ថកិច្ច មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលស្រុក ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ជាបន្តបន្ទាប់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏សង្កេតឃើញថា មានជនខិលខូចមួយចំនួន បានប្រើគ្រប់មធ្យោបាយ បន្តឈូសឆាយដីព្រៃលិចទឹក ក្នុងចេតនាប្រឆាំងនឹងចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

ក្នុងន័យនេះ ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានានៅតំបន់ព្រៃលិចទឹក ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើឧត្តមប្រយោជន៍សាធារណៈ ព្រមទាំងទប់ស្កាត់អំពើល្មើស ឬបទល្មើសទន្ទ្រានកាន់កាប់ដីសា ធារណៈរបស់រដ្ឋ ក្រោមរូបភាពផ្សេងៗ ដែលមានចែងក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើការណែនាំដូចខាងក្រោម ៖

– មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ឬបុគ្គលណាមួយ យកគ្រឿងចក្រចូលទៅក្នុងតំបន់ដីព្រៃលិច ទឹក ល្គឹកណាមានការអនុញ្ញាតពីរដ្ឋបាលស្រុកក្រូចឆ្មារ។

– អនុញ្ញតជូនបងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីក្នុងទសវត្សរ៍ឆ្នាំ៥០ និងមុនឆ្នាំ២០១៨ ដោយមានភ្ជាប់និងឯកសារបញ្ជាក់ពីអាជ្ញាធរឃុំត្រឹមត្រូវ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការបន្តរុករានទន្ទ្រានយកដីព្រៃលិចទឹក ដោយខុសច្បាប់នោះឡើយ។

– ស្នើអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវបញ្ឈប់រាល់សកម្មភាពឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក ជាបន្ទាន់។ ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចរកឃើញបុគ្គលនិងអ្នកពាក់ព័ន្ធល្មើសច្បាប់ ឬលិខិតបទដ្ឋាននានា បុគ្គលនោះត្រូវប្រឈមនឹងដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់ ជាធរមាន ដោយគ្មានការលើកលែង។

– ហាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបញ្ជាក់នីត្យានុកូលភាពគ្រប់ទម្រង់ជូនបងប្អូនប្រជាពលរដ្ឋ នៅចំណុចដីក្នុងតំបន់ព្រៃលិចទឹក។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់»៕

RELATED ARTICLES