Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញដី៨ម៉ឺនដុល្លារ បានដីខ្យល់

ទិញដី៨ម៉ឺនដុល្លារ បានដីខ្យល់

ភ្នំពេញ ៖ បុរសម្នាក់ បានអះអាងថា ខ្លួនត្រូវបានបុគ្គល ២នាក់ ឆបោក ឱ្យទិញដី ១កន្លែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងតម្លៃជាង ៨ម៉ឺនដុល្លារ លុះចុងក្រោយ បន្ទាប់ពីបង់លុយផ្តាច់ហើយ បែរជាមិនទទួលបានដីទៅវិញ គឺបានដីខ្យល់ ទើបធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹងចូលនាយកដ្ឋានព្រហ្មទណ្ឌ ប្តឹងទៅលើបុគ្គលទាំង២នាក់ ដែលបានលក់ដីខ្យល់ មកឱ្យខ្លួន។

ជនរងគ្រោះដែលទិញដីខ្យល់ មានឈ្មោះណា ធីតាហ្សាក់គី ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ផ្ទះលេខ៧៤ ផ្លូវលេខ៣១៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំណែកបុគ្គលទាំង២រូប ដែលរងការចោទប្រកាន់លក់ដីខ្យល់ ទី១-ឈ្មោះឈួន ឆាយ អាយុ៦៣ឆ្នាំ មានលំនៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ និងទី២-ឈ្មោះសៀ គឹមស៊ីថា អាយុ៣៨ឆ្នាំ មានលំនៅ ភូមិក្តាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកណា ធីតាហ្សាក់គី បានបញ្ជាក់ឱ្យដឹងថា លោកបានប្តឹងបុគ្គល ២នាក់ ទៅកាន់យកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ក្រោយបានចាញ់បោកបុគ្គលទាំង២នាក់នោះ រឿងទិញដីមួយកន្លែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែមិនបានដី។ លោកបន្តថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោកបានចាញ់បោកឈ្មោះឈួន ឆាយ និងឈ្មោះសៀ គឹមស៊ីថា ទិញដី ១កន្លែង ដែលមានទំហំ ១ហិកតារ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងតម្លៃ ៨ម៉ឺនដុល្លារ។ បន្ទាប់មក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោកបានយល់ព្រមទិញដីខាងលើ ពីឈ្មោះឈួន ឆាយ បានធ្វើកិច្ចសន្យាលក់ដី ហើយលោកបានទូទាត់ប្រាក់ជាបន្តបន្ទាប់ ដោយទូទាត់ជាប្រាក់សុទ្ធ និងទូទាត់តាមរយៈគណនីធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ឱ្យទៅគណនីរបស់ឈ្មោះឈួន ឆាយ និងគណនីឈ្មោះសៀ គឹមស៊ីថា រហូតគ្រប់ចំនួន ៨ម៉ឺនដុល្លារ ដោយបានធ្វើកិច្ចសន្យាលក់ផ្តាច់ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយបានប្រគល់ដីខាងលើនោះមកឱ្យលោកកាន់កាប់បន្ត។ លុះនៅអំឡុងខែធ្នូ ឆ្នាំ២០២២ លោកមិនអាចចូលទៅកានកាប់ និងស្នើសុំចុះបញ្ជីលើទីតាំងដីធ្លីដែលបានទិញលក់នោះបានទេ ដោយដីនេះពុំមែនជាកម្មសិទ្ធិស្របច្បាប់របស់ឈ្មោះឈួន ឆាយ នោះទេ។ ហេតុដូច្នេះ ទង្វើនិងសកម្មភាពរបស់ឈ្មោះឈួន ឆាយ និងឈ្មោះសៀ ភឹមស៊ីថា បង្ហាញឱ្យឃើញថា មានចេតនាទុច្ចរិតតាំងពីដំបូង ដើម្បីឱ្យលោកប្រគល់ប្រាក់ឱ្យពួកគេ ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ។

ជុំវិញករណីខាងលើនេះ លោកណា ធីតាហ្សាក់គី បានសំណូមពរឱ្យឈ្មោះឈួន ឆាយ និងឈ្មោះសៀ គឹមស៊ីថា ប្រគល់ប្រាក់ចំនួន ៨ម៉ឺនដុល្លារមកវិញ និងសុំទាមទារសំណងជំងឺចិត្ត និងការខូចខាតពេលវេលា ចំនួន៨ម៉ឺនដុល្លារ។

ក្រោយមកនាយកដ្ឋានព្រហ្មទណ្ឌ បានចេញដីកាកោះលើកទី១ ទៅបុគ្គលទាំង២រូប ឱ្យចូលខ្លួននៅថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤ តែអ្នកទាំង២នាក់ មិនបានចូលខ្លួនមកដោះស្រាយនៅឡើយទេ៕

RELATED ARTICLES