Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទះក្បែរវត្តឧណ្ណាលោម ភ្លើងឆេះខ្ទេច១៤ខ្នង

ផ្ទះក្បែរវត្តឧណ្ណាលោម ភ្លើងឆេះខ្ទេច១៤ខ្នង

ភ្នំពេញ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ស្ថិតនៅជិតវត្តឧណ្ណាលោម ក្បែរព្រះបរមរាជវាំង ត្រូវបានអណ្តាតភ្លើងបានឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូចខាតសរុប១៤ខ្នង និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ពីគ្រប់គោលដៅ បញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកប្រមាណជិត១០០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់វិថីសម្តេចសុធារស ក្បែរវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយចេញពីផ្ទះ ១ខ្នង ជាប្រភេទផ្ទះល្វែង ជាន់ទី៣ មានទំហំ៨ម៉ែត្រ គុណនឹង ៨ម៉ែត្រ បន្ទាប់មកក៏មានអណ្តាតភ្លើងឆាបឆេះចេញមកក្រៅយ៉ាងសន្ធោសន្ធៅតែម្តង។ ដោយសារតែឃើញ ថាមិនស្រួល អ្នកភូមិបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយការ អន្តរាគមន៍នេះ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងប្រើប្រាស់ទឹកអស់យ៉ាងច្រើន ដើម្បីទប់ស្កាត់អណ្តាតភ្លើង កុំឱ្យឆេះរាលដាលអ្នកជិត ខាងជាបន្តទៀត។

ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៦ឡាន និងមានជំនួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យ៉ា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន២គ្រឿង ប្រើប្រាស់ ទឹកអស់ចំនួន២ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ ទីក្រុងជ្រោយចង្វា ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងនរា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ១៤ខ្នង និងត្រូវបានកម្លាំងជំនាញពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ទឹករហូតដល់វេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយភ្លើងរលត់ទៅវិញអស់ទាំងស្រុង។ ករណីនេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែមានអ្នកភ័យពេក រហូតដល់សន្លប់។ ចំណែកមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះ មន្ត្រីជំនាញកំពុងតែស្រាវជ្រាវនៅឡើយ៕

RELATED ARTICLES