Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះអ្នកកាសែតម្នាក់ តាមដីកាចាប់ខ្លួនចំនួន២

វ៉ៃខ្នោះអ្នកកាសែតម្នាក់ តាមដីកាចាប់ខ្លួនចំនួន២

ខេត្តកណ្តាល ៖ បុរសជាអ្នកសារព័ត៌មានម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀនស្រុកពញាឮ ចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចំនួន២ផ្សេងគ្នា  ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។

ការឃាត់ខ្លួនជនត្រូវចោទនេះ ធ្វើឡើង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុច ភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ។

ជនត្រូវចោទដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលឹម វាសនា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកយកព័ត៌មាន អង្គភាពបារមីតេជោសន្តិភាព មានលំនៅបច្ចុប្បន្ន ភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពញាឮ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត បានស្រាវជ្រាវនិងបង្ក្រាបតាមដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ចំនួន១នាក់ ឈ្មោះលឹម វាសនា តាមដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន២ រួមមាន ៖

ដីកាទី១-លេខ១៦៤ បគ.ចខ/២២ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លោកហេង ផល្លា ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ដីកាទី២-លេខ៥៧៦ ដក.បចខ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល លោកអ៊ុក សុវណ្ណារិទ្ធ ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១។

ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កសាងសំណុំរឿងបន្តតាមនីតិវិធី៕

RELATED ARTICLES