ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី រាប់សិបនាក់ រស់នៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ក្រោយពីនាំគ្នាទិញនំបញ្ចុក ពីកន្លែងលក់ មកទទួលទានរួច ចាប់ផ្តើមកើតមានអាការក្អួតចង្អោរ វិលមុខ សង្ស័យពុលនំបញ្ចុក និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែក ភ្លាមៗដែរ តែអកុសល លោកយាយម្នាក់ បានបាត់បង់ជីវិតនៅតាមផ្លូវ ជំណែក ៦៤នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះទាន់ពេល។ករណីសង្ស័យពុលនំបញ្ចុកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីចន្លោះពី៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ទៅម៉ោង ១២រំលងអធ្រាត្រ ឈាចចូលថ្ងៃ៣០ ខែមករា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

ស្ត្រីចំណាស់ដែលបាត់បង់ជីវិត សង្ស័យពុលនំបញ្ចុក មានឈ្មោះអ៊ុ ងៀម អាយុ៧១ឆ្នាំ មានលំនៅក្នុងភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។ ចំណែកប្រជាពលរដ្ឋ៦៤នាក់ផ្សេងទៀត សុទ្ធតែមានលំនៅក្នុងមូលដ្ឋានឃុំឈូកខ្សាច់ ស្រុកបារាយណ៍ជាមួយគ្នា។

ក្រោយយពីទទួលបានព័ត៌មានខាងលើ លោកអ៊ួង សារឿន អភិបាលស្រុកបារាយណ៍ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលពុលចំណីអាហារខាងលើ ដែលកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ។

តាមប្រភពស្ត្រីម្នាក់ រួមនិងអ្នកភូមិ ៣-៤ទៀត បានផ្តល់ព័ត៌មានស្រដៀងៗគ្នាថា កាលពី២៩ ខែមករា ឆ្នាំ២០២៤ ពួកគាត់បានទិញនំបញ្ចុកមកហូបរៀងៗខ្លួន តែទិញពីអ្នកលក់តែមួយ។ លុះក្រោយពីហូបនំបញ្ចុករួចហើយ មិនឃើញកើតមានអាការអ្វីភ្លាមៗទេ រហូតមកដល់វេលាម៉ោងប្រមាណចន្លោះពី៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ទៅម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្រាប់តែពួកគាត់ចាប់ផ្តើមកើតមានអាការក្អួតចង្អោ វិលមុខ រាករូស អស់កម្លាំង និងត្រូវបានបងប្អូនសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកបារាយណ៍-សន្ទុក ភ្លាមៗតែម្តង។ ប៉ុន្តែអកុសល ក្នុងនោះមានលោកយាយម្នាក់ ឈ្មោះអ៊ុ ងៀម អាយុ៧១ឆ្នាំ មានលំនៅក្នុងភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ បានស្លាប់តាមផ្លូវ បន្ទាប់កូនចៅដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋដែលសង្ស័យពុលចំណីអាហារ (ពុលនំបញ្ចុក) បានចាប់ផ្តើមមានអាការធូរស្រាល ជាសះស្បើយវិញអស់ហើយ។

យ៉ាងណា ករណីនេះ នៅមិនទាន់មានការបញ្ជាក់ផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច ឬគ្រូពេទ្យជំនាញ នៅឡើយថា ការពុលរបស់ប្រជាពលរដ្ឋខាងលើ ផ្តើមចេញពីមូលហេតុអ្វីឱ្យពិតប្រាកដ៕

