កូរ៉េខាងត្បូង៖ អតីតប្រធានអង្គការសហប្រជាជាតិលោក បាន គីមូន កាលពីថ្ងៃពុធនេះបានសន្យាមិនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងឡើយ ក្នុងអំឡុងពេលនៃការធ្វើសន្និសិទកាសែតដោយមិនបានគ្រោងទុកក្នុងសភា។
លោក បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកនឹងបោះបង់ចោលនូវការដឹកនាំការផ្លាស់ប្តូរនយោបាយរបស់ប្រទេសនិងការបង្រួបបង្រួមជាតិ ក៏ដូចជាការបោះបង់ចោលនូវមហិច្ឆិតារបស់លោកក្នុងការប្រែក្លាយជាមេដឹកនាំកូរ៉េខាងត្បូងជំនួសតំណែងប្រធានាធិបតីដែលរងការចោទប្រកាន់ចំពោះមុខតុលាការ ។
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះមិនដែលប្រកាសជាផ្លូវការចំពោះការសម្រេចចិត្តណាមួយឡើយក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ុន្តែលោកត្រូវបានគេសង្កេតឃើញជាយូរមកហើយជាអ្នកប្រកួតប្រជែងកៅអីប្រធានាធិបតីដ៏មានឥទ្ធិពលជាងគេបំផុតក្នុងជួរបក្សអភិរក្សនិយម។
ការបោះឆ្នោតប្រធានាធិបតីកាលពីមុនគេប៉ាន់ប្រមាណថានឹងត្រូវបានប្រារព្ធឡើងក្នុងខែមេសាឬខែឧសភាស្របពេលដែលញត្តិប្តឹងលោកស្រីប្រធានាធិបតី Park Geun-hye ត្រូវបានដាក់ឆ្លងសភាជាតិរួចហើយកាលពីថ្ងៃទី៩ខែធ្នូមានសំឡេងភាគច្រើនលើសលុប។
គួរកត់សម្គាល់ថាចាប់តាំងពីការចប់អាណត្តិជាប្រធានអង្គការសហប្រជាជាតិកាលពីចុងឆ្នាំ២០១៦មកលោកបាន គីមូន បានធ្វើដំណើរទស្សនកិច្ចចុះផ្ទាល់ជាមួយនិងប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្ហាញពីភាពរាក់ទាក់ជាមួយនិងប្រជាជនកូរ៉េនៅតាមតំបន់នានា។ លើសពីនេះលោកថែមទាំងបានដាក់សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីធ្វើវិមជ្ឈការនៃអំណាចប្រធានាធិបតីទៀតផង ។
មិនតែប៉ុណ្ណោះលោក បាន បានប្តេជ្ញាស្មោះត្រង់ចំពោះខ្លួនឯងក្នុងការដោះស្រាយវិបត្តិរបស់ប្រទេសជាតិនិងនាំមកនូវអនាគតដ៏ភ្លឺស្វាងជូនប្រជាជនកូរ៉េដោយផ្អែកតាមបទពិសោធជាអតីតប្រធានអង្គការសហប្រជាជាតិរបស់លោក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា