ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាកាប់ប្លន់ ១ក្រុមធំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការចុះបង្ក្រាប ដោយចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៦នាក់ ក្នុងនោះមានម្នាក់ជាមេខ្លោង បានព្យាយាមរត់គេចពីសមត្ថកិច្ច ធ្វើឱ្យរអិលជើងធ្លាក់ចុះពីលើដំបូលផ្ទះកម្ពស់ជាង ៤ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជាចោរប្លន់នេះ បានធ្វើឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្លុកផ្ទះជួលមួយកន្លែង ស្ថិតនៅក្បែរផ្សារព្រៃទា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ប្រតិបត្តិការខាងលើ ធ្វើឡើងដោយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍កាកាបទី២ និងប៉ុស្តិ៍ចោមចៅទី៣ និងបានធ្វើការឡោមព័ទ្ធរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាកាប់ប្លន់ បានចំនួន៦នាក់ ជាបន្តបន្ទាប់។

សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណរបស់ក្រុមជនសង្ស័យទាំងនោះនៅឡើយ ព្រោះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកសួរ ប៉ុន្តែបានឱ្យដឹងខ្លះៗថា ជនសង្ស័យ ១ក្រុមនេះ គឺជាមុខសញ្ញាយ៉ាងសកម្មខាងកាប់ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយក្រុមនេះ ធ្លាប់បាន ប្រព្រឹត្តជាច្រើនលើករួចមកហើយ ។ ដោយឡែកសកម្មភាពនៅលើកចុងក្រោយនេះ ធ្វើឡើង កាលពីវេលាយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំងអស់នេះ ធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ ហើយភ្លាមនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យ បានចំនួន៥នាក់ នាំយកទៅសាកសួរ នៅសល់ជនសង្ស័យម្នាក់ ដែលជាមេខ្លោង បានព្យាយាមរត់គេចពីសមត្ថកិច្ច ដោយរត់ឡើងលើដំបូលផ្ទះជួលមួយកន្លែង ហើយផ្លោះទៅលើដំបូលស័ង្កសី តារាងបាល់ទះមួយកន្លែង ធ្វើឱ្យផុងជើងធ្លាក់ពីកម្ពស់ជាង៤ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូក និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយដាក់កម្លាំងការពារយ៉ាងតឹងរ៉ឹង រង់ចាំស្ថានភាពធូរស្រាល នឹងនាំយកទៅសាកសួរ និងចាត់ការតាមច្បាប់ នៅពេលក្រោយ៕

