ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តទំនើប១គ្រឿង ក្នុងល្បឿនលឿន រួចជ្រូលបុករះរបង និងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរថយន្តធ្លុះចូលទៅក្នុងផ្ទះគេ រួចក្រឡាប់ផ្ងារជើងច្រងាង សំណាងល្អ មិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ធ្ងន់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់បុករះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២រំលអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក BMW ពាក់ស្លាកលេខ កម្ពុជា F80.8898 បើកមកពីរង្វង់មូលកាំកូ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ មិនដឹងជាមានឧបសគ្គអ្វី ស្រាប់តែបានរេចង្កូតបុករះរបង និងបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរថយន្តខាងលើ ក្រឡាប់ផ្ងារជើង នៅក្នុងផ្ទះគេ សំណាងល្អគ្មានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

