Monday, October 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចូលទិញបាយ លួចម៉ូតូម្ចាស់ហាង ជាប់ខ្នោះ

 ចូលទិញបាយ លួចម៉ូតូម្ចាស់ហាង ជាប់ខ្នោះ

ខេត្តកំពង់ចាម ៖ យុវជនម្នាក់ ជិះម៉ូតូមកឈប់មុខហាងលក់បាយរបស់ម្តាយខ្លួន រួចចុះពីម៉ូតូភ្លេចដកសោចេញ ស្រាប់តែបន្តិចក្រោយមក មានជនសង្ស័យ ២នាក់ ជិះម៉ូតូដឹកគ្នាចូលមកទិញបាយ ២ប្រអប់ លុះក្រឡេកឃើញម៉ូតូមានជាប់សោ ក៏នាំគ្នាឡើងជិះ រត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញទាន់ ស្រែកឆោឡោ ប្រដេញតាមចាប់ បានជនសង្ស័យម្នាក់ ចំណែកបក្ខពួកម្នាក់ទៀត បានគេចខ្លួនបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខហាងលក់បាយ ១កន្លែង យីហោ អាហារដ្ឋាន តុង ហួរ ហេងហេង ស្ថិតនៅខាងលិច ថ្នល់ជាតិលេខ៦ ក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរុន ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទី១០ ឃុំតានង់ ស្រុកកោះសុទិន។ ចំណែកបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនបាត់ មានឈ្មោះហេង ភេទប្រុសអាយុ ២៦ឆ្នាំ មិនស្គាល់លំនៅ។ រីឯម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ស្កុបពី ពណ៌ស ជារបស់ជនរងគ្រោះឈ្មោះ ផន ផា មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ឈ្មោះផន ផា បានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដា ស្កុបពី មកទុកនៅមុខហាងលក់បាយរបស់ម្តាយខ្លួន ស្ថិតនៅខាងលិចថ្នល់ជាតិលេខ៦ ក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ហើយពុំបានដកសោចេញពីម៉ូតូទេ រួចក៏ដើរចូលទៅក្នុងហាងបាយ។ ក្រោយមក មានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ កាំបន្ទះពណ៌ស មិនចាំស្លាកលេខ  ដឹកគ្នាចូលមករកទិញបាយ ២ប្រអប់ តែអ្នកលក់មិនទាន់បានដាក់បាយឱ្យផង ជនសង្ស័យម្នាក់ បានឡើងជិះម៉ូតូរបស់ម្ចាស់ អាហារដ្ឋាន តុង ហួរ ហេងហេង ចេញទៅត្បួងតាមផ្លូវជាតិលេខ៦ ពីក្រោយម៉ូតូជនសង្ស័យម្នាក់ទៀត។ប្រភពដដែល បន្តថា ភ្លាមនោះ ជនរងគ្រោះជាម្ចាស់ម៉ូតូ បានស្រែកឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ប្រដេញតាមរហូតឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ឈ្មោះរុន ធារ៉ា ដែលកំពុងជិះម៉ូតូជនរងគ្រោះ គេចខ្លួន នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES