Monday, October 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនជនបរទេស បោកលុយខ្មែរ ៣ម៉ឺនដុល្លារ

ឃាត់ខ្លួនជនបរទេស បោកលុយខ្មែរ ៣ម៉ឺនដុល្លារ

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសជាជនជាតិកូឡុំប៊ី ម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន ៣៤ ៨៤០ដុល្លារ ដោយតាំងខ្លួនជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់ធ្វើពីគ្រិស្តាល់ នៅប្រទេសចិន ដែលអាចលក់ឱ្យជនរងគ្រោះក្នុងតម្លៃពិសេស។

ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្លឹបកីឡា ROYAL SPORT CLUB ស្ថិតនៅភូមិស្វាយដង្គុំ  សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ជនបរទេសដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ORJUELA ACOSTA GERMAN ANDRES ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិកូឡុំប៊ី កាន់លិខិតឆ្លងដែនលេខ 543130031 មុខរបរម្ចាស់ភោជនីយដ្ឋាន AMBAR បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពសមត្ថកិច្ច បានដឱ្យដឹងថា កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិកូឡុំប៊ី ម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋាន AMBAR មានទីតាំងនៅតាមបណ្តោយផ្លូវស្ទឹងថ្មី ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណីឆបោកប្រាក់ ចំនួន ៣៤ ៨៤០ដុល្លារ ដោយតាំងខ្លួនជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់ធ្វើពីគ្រិស្តាល់ នៅប្រទេសចិន ដែលអាចលក់ឱ្យជនរងគ្រោះក្នុងតម្លៃពិសេស ប្រព្រឹត្តកាលពីអំឡុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៣។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីអំឡុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ជនសង្ស័យបានអះអាងថា ខ្លួនមានក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់ធ្វើពីគ្រិស្តាល់ នៅប្រទេសចិន ហើយគេអាចលក់ឱ្យជនរងគ្រោះក្នុងតម្លៃពិសេស ៣៤ ៨៤០ដុល្លារ។ ដោយឃើញតម្លៃសមរម្យ ជនរងគ្រោះបានសម្រេចចិត្តបញ្ជាទិញពីជន សង្ស័យ និងបានផ្ទេរប្រាក់កក់លើកទី១ ចំនួន ១៣ ៦០០ដុល្លារ ឱ្យជនសង្ស័យ តាមរយៈគណនី ABA។ បន្ទាប់មក នៅអំឡុងខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា សម្ភារៈដែលជនរងគ្រោះបានបញ្ជាទិញនោះ បានបញ្ជូនមកដល់រាជធានីភ្នំពេញ ហើយ និងសូមឱ្យជនរងគ្រោះទូទាត់ប្រាក់ដែលនៅសល់ ឱ្យខ្លួន ដើម្បីដឹកជញ្ជូនសម្ភារៈមកឱ្យជនរងគ្រោះនៅខេត្តសៀមរាប។ ភ្លាមនោះ ជនរងគ្រោះ បានផ្ទេរប្រាក់ដែលនៅសល់ ចំនួន ២១ ២៤០ដុល្លារ ឱ្យជនសង្ស័យ តាមរយៈគណនី ABA បន្ថែមទៀត សរុបទាំងអស់ស្មើនឹង ៣៤ ៨៤០ដុល្លារ។ បន្ទាប់ពីបានទទួលប្រាក់គ្រប់ចំនួនហើយ ជនសង្ស័យមិនបានបញ្ជូនសម្ភារៈនោះមកឱ្យជនរងគ្រោះ តាមការសន្យាទេ ហើយបានព្យាយាមគេចវេះមិនព្រមជួបដោះស្រាយជាមួយជនរងគ្រោះឡើយ។

រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានព្យាយាមនិយាយលួងលោមជនសង្ស័យ ឱ្យមកជួបខ្លួន នៅក្លឹបកីឡា ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES