Monday, October 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡានទំនើប ២គ្រឿង នាំចូលប្រហិតខូច២តោន

ចាប់ឡានទំនើប ២គ្រឿង នាំចូលប្រហិតខូច២តោន

ខេត្តបាត់ដំបង ៖  ប្រហិតចម្រុះ ខូចគុណភាព មានទម្ងន់ប្រមាណជិត២តោន នាំចូលមកពីប្រទេសថៃ ដឹកតាមរថយន្តទំនើប ចំនួន២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងរឹបអូស ខណៈដែលរថយន្តទាំង២គ្រឿង បើកបរឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ។

ប្រតិបត្តិការខាងលើ បានធ្វើឡើង កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ 57B ត្រង់ចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ប្រហិតចម្រុះ ជិត២តោន ដែលដឹកតាមរថយន្តទំនើប ២គ្រឿង ខាងលើនេះ គឺខូចគុណភាព និងត្រូវបានកម្លាំងអធិការដ្ឋានស្រុកកំរៀង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាក្រី ស្ទាក់ចាប់បាន ពេលបើកឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅពេលយប់។

ក្នុងការបង្ក្រាបប្រហិតខូចគុណភាព ជិត២តោននេះ  អ្នកបើករថយន្ត ២នាក់ និងព្រូរថយន្តម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមទាំងរថយន្តពីរគ្រឿង ដើម្បីចាត់ការតាមនីតិវិធី ក្នុងនោះរួមមាន ទី១-ឈ្មោះពេជ្រ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ (ជាអ្នកបើកបរ)។ ទី២-ឈ្មោះពេជ្រ ពិសី ភេទប្រុស អាយុ១៩ឆ្នាំ (ជាអ្នកបើកបរ)។ ទាំង២នាក់ មានលំនៅ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និង៣-ឈ្មោះទី សុខ ភេទប្រុស អាយុ៣០ឆ្នាំ (ជាព្រូរថយន្ត)។

ដោយឡែក រថយន្តដែលដឹកប្រហិត ទាំង២គ្រឿង និងត្រូវសមត្ថកិច្ចឃាត់ទុក រួមមាន ទី១-ម៉ាក Hummer ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-6472 និងទី២-ម៉ាក TOYOTA Hilux Rivo ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6336។

តាមប្រភព័ត៌មាន បានឱ្យដឹងថា  រថយន្តទាំង២គ្រឿងខាងលើ បានដឹកប្រហិតខូចគុណភាពចេញពីព្រំដែនខ្មែរ-ថៃ បម្រុងយកទៅចែកចាយលើទីផ្សារនានានៅក្នុងក្រុងបាត់ដំបង។

ប្រភពដដែល បានបញ្ជាក់ថា ចំណីអាហារខូចគុណភាពនេះ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងនានា ដែលមានការគប់គិតពីមន្ត្រីការពារព្រំដែនផង  ហើយភាគច្រើន ពួកឈ្មួញដឹកតែពេលយប់ប៉ុណ្ណោះ។

ក្រោយពីសាកសួររួចរាល់ លោកស្នងការ បានបញ្ជាឱ្យមន្ត្រីជំនាញបញ្ជូនទាំងមនុស្សនិងវត្ថុតាង ទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES