Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ៣ល្វែង បាញ់ទឹកជាង១៥០ឡាន

ភ្លើងឆេះផ្ទះ៣ល្វែង បាញ់ទឹកជាង១៥០ឡាន

ភ្នំពេញ ៖ ផ្ទះលក់គ្រឿងជ័រ កុំព្យូទ័រ និងផ្ទះលក់គ្រឿងសំណង់ សរុប ចំនួន៣ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បំផ្លាញអស់ទាំងស្រុង គិតជាទំហំនៃការខូចខាត អស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ប្រមាណជាង ១៥០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ស្ថិតនៅក្នុងភូមព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ផ្ទះដែលត្រូវភ្លើងឆាបឆេះ ទាំង៣ខ្នង រួមមាន ទី១-ផ្ទះលក់គ្រឿងជ័រសម្រាប់ក្មេងលេង និងគ្រឿងជ័រសម្ភារៈផ្ទះបាយ។  ទី២-ផ្ទះលក់កុំព្យូទ័រ និងទី៣-ផ្ទះលក់គ្រឿងសំណង់។ មុនដំបូង ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះលក់គ្រឿងជ័រមុនគេ បន្ទាប់មកទើបឆេះរាលដល់ផ្ទះលក់កុំព្យូទ័រ និងផ្ទះលក់គ្រឿងសំណង់ ជាបន្តបន្ទាប់ ដែលសង្ស័យផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលភ្លើងចាប់ផ្តើមឆេះភ្លាម ម្ចាស់ផ្ទះរួមជាមួយនិងអ្នកជិតខាង បាននាំគ្នាពន្លត់ភ្លើងដែរ ប៉ុន្តែមិនអាចទប់ទល់ឈ្នះ ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ច និងទាក់ទងទៅកម្លាំងពន្លត់អគ្គិភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីបាញ់ទឹកពន្លត់និងទប់ស្កាត់កុំឱ្យឆេះរាលដល់ផ្ទះផ្សេងៗទៀត។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ គេឃើញរថយពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះមកដល់ ន៉ិងបានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ជារថយន្ត និងប្រើរយៈពេលជាង ១ម៉ោង ទើបភ្លើងថមថយបន្តិចម្តងៗ និងរលត់ទៅវិញទាំងស្រុង។ ប៉ុន្តែមិនបានប៉ុន្មានផង ពោលគឺនៅ វេលាប្រមាណម៉ោង ៥និង២០នាទីល្ងាច ថ្ងៃដដែល ស្រាប់តែភ្លើងបានចាប់ផ្តើមឆេះឡើងវិញ និងត្រូវបានក្រុមពន្លត់អគ្គិភ័យ ដែលមកពីបណ្តាអង្គភាពនគរបាល និងយោធា បានបន្តពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ ជាលើកទី២ទៀត។

សមត្ថកិច្ចជំនាញ អគ្គិភ័យដែលចុះអន្តរាគមន៍ដោយផ្ទាល់ បានបញ្ជាក់ថា ការឆេះឡើងវិញនេះ ពុំមានសន្ទុះខ្លាំងដូចកាលពីពេលចាប់ផ្តើមឆេះដំបូងនោះទេ ដោយវាមានអណ្តាតភ្លើង និងផ្សែងតិចជាងមុន ប៉ុន្តែបើមិនខំពន្លត់នោះទេ វាអាចឆេះខ្លាំងឡើងវិញ ហើយក៏អាចនឹង រាលដាលដល់កន្លែងផ្សេងទៀតបាន ព្រោះទីនោះសុទ្ធតែគ្រឿងជ័រ។

យ៉ាងណាក្តី ក្រោយប្រតិបត្តិការពន្លត់ភ្លើងឆេះផ្ទះ ជាលើកទី២រួច កងកម្លាំងអាជ្ញាធរ និងក្រុមរថយន្តពន្លត់អគ្គិភ័យ បានប្រចាំការនៅទីតាំងកើតហេតុ រហូតដល់ម៉ោង ៦និង៤០នាទីព្រលប់ថ្ងៃដដែល ដោយឃើញថាភ្លើងបានរលត់ទាំងស្រុងហើយ ទើបដកកម្លាំងវិលចូលអង្គភាពវិញ។

យោងតាមរបាយការណ៍របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បានបណ្តាលឱ្យឆេះផ្ទះ អស់២ល្វែងទាំងស្រុង និងមួយខ្នងទៀត ខូចខាតមួយផ្នែក ព្រមទាំងសម្ភារ គិតជាទឹកប្រាក់ រាប់ម៉ឺនដុល្លារ។

របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ចំនួន១៥៦ ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជំនាញ ចំនួន២២គ្រឿង ប្រើទឹកអស់ ១១០ឡាន។ រថយន្តពន្លត់អគ្គិភ័យ របស់នាយកដ្ឋានជំនាញ ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន ៦ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ១១ នៃកងពលតូចលេខ៧០ ចំនួន៥គ្រឿង ប្រើទឹកអស់ចំនួន១៥ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការទ័ពពិសេស៩១១ ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន ៦ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថ ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន ៩ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើទឹកអស់ ចំនួន៣ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនជីបម៉ុងលែន ចំនួន១គ្រឿង ប្រើទឹកអស់ចំនួន ៣ឡាន និ រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន ៤ឡាន។

សមត្ថកិច្ចបានអះអាងថា ករណីនេះមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយឡែកមូលហេតុ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕

RELATED ARTICLES