Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូចាស់ ទៅដូរយកម៉ូតូថ្មី

ជិះម៉ូតូចាស់ ទៅដូរយកម៉ូតូថ្មី

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូកញ្ចាស់ ១គ្រឿង ទៅធ្វើសកម្មភាពកាត់សោ របងផ្ទះគេ ហើយចូលទៅលួចម៉ូតូថ្មី ១គ្រឿង ដែលម្ចាស់ចតទុកក្នុងរោងដាក់រថយន្ត យកទៅបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុកម៉ូតូចាស់ ១គ្រឿង នៅនឹងកន្លែងកើតហេតុ។

ករណីខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះវុធ អម្ព ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរយោធា មានលំនៅ ភូមិត្រោក ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ស្វាយរៀង 1U-9295 លេខតួ NIL125ME5998636 លេខម៉ាស៊ឺន ND125ME5998636។ រីឯម៉ូតូដែលជនសង្ស័យបន្សល់ទុកនៅផ្ទះកើតហតុ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A-2258 នៅចម្ងាយពីកន្លែងកើតហេតុ ប្រហែល៦០ម៉ែត្រ។

តាមប្រភពម្ចាស់ផ្ទះរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ បន្ទាប់ពីហូបបាយជុំគ្នាជាមួយក្រុមគ្រួសាររួច គាត់បានយកម៉ូតូទៅទុកក្នុងរោងដាក់រថយន្ត ហើយចូលដេកក្នុងផ្ទះដូចធម្មតា។ លុះព្រឹកឡើង ក៏មានការភ្ញាក់ផ្អើល ខណៈឃើញទ្វាររបងផ្ទះត្រូវជនសង្ស័យកាត់ និងបាត់ម៉ូតូ ១គ្រឿង ដែលចតទុកក្នុងរោងដាក់រថយន្តតែម្តង ប៉ុន្តែឃើញម៉ូតូ ១គ្រឿងទៀត ដែលជនសង្ស័យបន្សល់ទុក។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ និងបានអូសយកម៉ូតូរបស់ជនសង្ស័យ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលកណ្តៀងរាយ ស្រុកស្វាយទាប ដើម្បីស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES