Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់ខ្លួនអ្នកកាសែត និងបក្ខពួក៣នាក់ ឆបោកពលរដ្ឋ

 ចាប់ខ្លួនអ្នកកាសែត និងបក្ខពួក៣នាក់ ឆបោកពលរដ្ឋ

ខេត្តរតនគិរី ៖ កម្លាំងអធិការនគរបាលស្រុកលំផាត់ បានចុះឃាត់ខ្លួនមេខ្លោង ចំនួន៣នាក់ (ក្នុងនោះមានម្នាក់ជាអ្នកសារព័ត៌មាន) ពាក់ព័ន្ធករណីឆបោកប្រាក់ ពីពលរដ្ឋ ជាថ្នូរនឹងការទទួលបានដីធ្លី។

លោកក្លល់ ថើង អធិការនគរបាលស្រុកលំផាត់ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលនីតិវិធីពីលោកលាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត រតនគិរី។

លោកអធិការ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះណយ ចិន ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកយកព័ត៌មានឱ្យសារព័ត៌មានក្រុងកម្ពុជា មានលំនៅបច្ចុប្បន្ន ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ ទី២-ឈ្មោះឡុង ចិន្តា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅចំណុចអូររ៉ាហា ស្ថិតក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ និងទី៣-ឈ្មោះគឹម ប៊ុនហន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនចម្ការចេក ស្នាក់នៅភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដើមទងនៅមុនការចាប់ខ្លួន គឺកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បុគ្គលឈ្មោះណយ ចិន ជាអ្នកសារព័ត៌មាន បានផឹកស្រា-ស នៅផ្ទះឈ្មោះឡុង ចិន្តា ដោយក្នុងពេលនោះបានសួរនាំអំពីបញ្ហាដីនៅមុខផ្ទះរបស់ឈ្មោះឡុង ចិន្តា ថាជាដីរបស់អ្នកណា? ពេលនោះឈ្មោះឡុង ចិន្តា បានប្រាប់ថា ដីដែលនៅខាងមុខផ្ទះរបស់ខ្លួននោះ ជាដីរបស់សហគមន៍។ ស្រាប់តែពេលនោះ ឈ្មោះណយ ចិន បានឱ្យឈ្មោះឡុង ចិន្តា និងឈ្មោះកឹម ប៊ុនហន ស្រង់ឈ្មោះ លេខទូរស័ព្ទ និងឱ្យផ្តិតមេដៃប្រជាពលរដ្ឋដែលខ្វះខាតដី ដើម្បីស្នើសុំតាមរយៈអង្គការការពារកម្ពុជា ដើម្បីយុត្តិធម៌។

បន្ទាប់មក ឈ្មោះឡុង ចិន្តា និងឈ្មោះកឹម ប៊ុនហន ក៏បានស្រង់ឈ្មោះ និងមេដៃរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតដី។ ពេលនោះឈ្មោះឡុង ចិន្តា និងគឹម ប៊ុនហន បានតម្រូវឱ្យប្រជាពលរដ្ឋបង់លុយ សរុបជាទឹកប្រាក់ទាំងអស់ចំនួន ៨០ម៉ឺនរៀល ជាមួយនឹងពាក្យសន្យាថា ក្នុងមួយគ្រួសារៗ ទទួលបានដីទំហំ ២៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ និងដីចម្ការ ចំនួន៥ហិកតារ។ ក្នុងករណីមិនបានដី គឺឈ្មោះណយ ចិន ជាអ្នកទទួលខុសត្រូវ សងលុយវិញឱ្យប្រជាពលរដ្ឋ ដោយមិនឱ្យបាត់លុយមួយកាក់មួយសេនទេ។

តាមចម្លើយសារភាពរបស់ឈ្មោះឡុង ចន្តា និងឈ្មោះគឹម ប៊ុនហន បានរៀបរាប់ ស្រដៀងគ្នាថា ពួកគេបានធ្វើតាមបញ្ជារបស់ឈ្មោះ ណយ ចិន ដែលបានឱ្យប្រជាពលរដ្ឋផ្តិតមេដៃ និងបង់លុយមុន ចំនួន២០ម៉ឺនរៀល ដោយស្រង់បានចំនួន ២៩៩គ្រួសារ ស្មើនឹង២៩៩នាក់ ប៉ុន្តែមិនទាន់បានទទួលលុយនោះទេ។ ឈ្មោះឡុង ចន្តា និងឈ្មោះគឹម ប៊ុនហន ក៏បានណាត់ជាមួយប្រជាពលរដ្ឋឱ្យយកលុយមកបង់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្ទះឈ្មោះឡុង  ចិន្តា នៅចំណុចអូររ៉ាហា ស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ។

ក្នុងពេលចុះឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន ដូចជា  ក្រដាសដែលមានបញ្ជីឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋ ចំនួន៣៤សន្លឹក កាតប័ណ្ណព័ត៌មាន ១សន្លឹក ពាក្យស្នើសុំជួយអន្តរាគមន៍ ២សន្លឹក លិខិតបញ្ជាបេសកកម្ម ១សន្លឹក ក្រដាស់ឡូហ្គោអង្គការ ១សន្លឹក បង្កាន់ដៃទទួលពាក្យស្នើសុំប្រើប្រាស់ដីធ្លី ២សន្លឹក និងពាក្យស្នើសុំអាស្រ័យផលដីធ្លី ១សន្លឹក។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលំផាត់ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES