ខេត្តកំពង់ធំ ៖ លំនៅឋាន ចំនួន៦ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង និងត្រូវបានសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ អស់ចំនួន៧រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ទាំង៦នាក់ ដែលត្រូវអគ្គិភ័យឆេះ រួមមាន ៖
ទី១- ផ្ទះរបស់ឈ្មោះកុប ចាស ភេទស្រី អាយុ៧០ឆ្នាំ ឆេះផ្ទះទំហំ ៧ម៉ែត្រ គុណនឹង ៣ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន មាស ៦ជី ចិញ្ចៀន ២វង់ ខ្សែដៃ ២ខ្សែ និងលុយ ១លានរៀល។
ទី២- ផ្ទះរបស់ឈ្មោះសេន ខទៀត អាយុ៨០ឆ្នាំ ប្រពន្ធឈ្មោះឡឹប ម៉ាស អាយុ៦៧ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥។
ទី៣- ផ្ទះរបស់ឈ្មោះឡះ សល់ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះមីត រីម៉ាស អាយុ៤២ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ ៩ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន ម៉ូតូម៉ាកហុងដា ស្កុបពី ១គ្រឿង។
ទី៤- ផ្ទះរបស់ឈ្មោះទាំ ស្រស់ ភេទស្រី អាយុ៥១ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន ម៉ូតូធំ ១គ្រឿង មាស ១តម្លឹងកន្លះ លុយ ៧លានរៀល កងដៃប្លាទីន ៧កង និងចិញ្ចៀន ១វង់។
ទី៥- ផ្ទះរបស់ឈ្មោះយ៉ា អ៊ី អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ទៀត ម៉ារី អាយុ៤៤ឆ្នាំ ទំហំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វេអ្វីំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុង។
ទី៦- ផ្ទះរបស់ឈ្មោះសេន សា អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះសា ណាសេហាស់ អាយុ៦៥ឆ្នាំ ទំហំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ក្បឿង មិនមានខូចខាតសម្ភារៈ។
ក្រោយមានករណីនេះ លោកអភិបាលស្រុក អួង សារឿន និងលោកវរសេនីយ៍ឯក សួង ថេន អធិការស្រុកបារាយណ៍ បានចេញជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ ចំនួន៧រថយន្ត ស្មើនឹង៥១ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕