Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកា...ប់...ប្ល...ន់...ជនបរទេស ជាប់ខ្នោះ៧

កា…ប់…ប្ល…ន់…ជនបរទេស ជាប់ខ្នោះ៧

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងទើបធ្វើសកម្មភាពកាប់ប្លន់ជនជាតិកូរ៉េ ម្នាក់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ បើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៧នាក់ នាំយកមកចាត់ការតាមច្បាប់។ករណីកាប់ប្លន់ជនជាតិកូរ៉េ នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន៧នាក់។

ជនសង្ស័យទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះពេញ សុភណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ។ ទី២-ឈ្មោះ ណុប ដាវីត ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៣-ឈ្មោះផល សម្ភស់ ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៤-ឈ្មោះសុខ ធាសុភា ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៥-ឈ្មោះហាក់ ម៉េងឈី ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៦-ឈ្មោះសម្បត្តិ សន្យា ភេទប្រុស អាយុ១៥ឆ្នាំ និងទី៧-ឈ្មោះ អាន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោក វរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានសហការ ជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធនឹងករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ។

ប្រភពដដែល បន្តថា ហេតុការណ៍កាប់ប្លន់ទៅលើបុរសជនជាតិកូរ៉េ ឱ្យរងរបួសត្រង់ចំណុចថ្ពាល់ខាងឆ្វេង ហើយប្លន់យកទ្រព្យសម្បត្តិនេះ កើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយកើតមានករណីខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានក្រុមជនសង្ស័យទាំង៧នាក់ខាងលើ នាំយកមកសាកសួរ។

ក្រោយពីការសាកសួរ ជនសង្ស័យទាំង៧នាក់ សុទ្ធតែមានការពាក់ព័ន្ធនឹងអំពើកាប់ប្លន់ក្នុងរាជធានីភ្នំពេញ កន្លងមក។ ដោយឡែក ក្នុងចំណោមជនសង្ស័យទាំង៧នាក់ មានជនសង្ស័យម្នាក់ គឺបានចូលរួមប្រព្រឹត្តបទល្មើសកាប់ប្លន់ជនជាតិកូរ៉េ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ រួមទាំងបក្ខពួកផ្សេងទៀត។

ក្រុមជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានប្រគល់ទៅឱ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES