Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆក់ ប៉ូលិសដេញ លោតចូលទឹកស្អុយ

ចោរឆក់ ប៉ូលិសដេញ លោតចូលទឹកស្អុយ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ក្នុងខណ្ឌបឹងកេងកង បានសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុជិះដេញតាម រហូតដល់ខណ្ឌឫស្សីកែវ និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ប្រដេញតាម ធ្វើឱ្យជនសង្ស័យភ័យ ក៏បោះ ចោលវត្ថុតាង រួចផ្តួលម៉ូតូលោតចូលប្រឡាយទឹកស្អុយ បម្រុងគេចខ្លួន តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ក្របួចជាប់ទាំង២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ មហាវិថីព្រះនរោត្តមទល់មុខហាងកាហ្វេ យីហោ លូណាកាហ្វេ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ហើយជនសង្ស័យទាំង២នាក់ក៏ត្រូវ ឃាត់ខ្លួនបានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

តាមសម្តីជនសង្ស័យឈ្មោះសេង ឡៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេ និងដៃគូម្នាក់ទៀតបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-3797 ឌុបគ្នាទៅធ្វើសកម្មភាព ឆក់ទូរស័ព្ទពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះនរោត្តម។ លុះដឹកគ្នាដល់ចំណុចផ្លូវបំបែកលេខ៣៨០ ទល់មុខហាងកាហ្វេ១កន្លែង ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿង ពីបុរសម្នាក់ ដែលកំពុងជិះលើម៉ូតូកង់បី បានសម្រេច ដោយទូរស័ព្ទដៃនោះ ជាប្រភេទស្មាតហ្វូន ម៉ាកអាយហ្វូន។ បន្ទាប់ពីឆក់បានសម្រេច ក៏ព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរក្បែរនោះឃើញ ក៏បានដេញតាម។

ជនសង្ស័យ បានបន្ថែមទៀតថា បន្ទាប់ពីត្រូវបានគេដេញតាម ពួកខ្លួនក៏ជិះរត់គេចតាមបណ្តោយផ្លូវ៣៨០ បត់ទៅផ្លូវ៥១ រួចបត់ឆ្វេងទៅតាមផ្លូវលេខ៣៧០ បន្ទាប់មកក៏បានប្លុងទូរស័ព្ទចោលនៅក្បែរគុម្ពស្មៅផើងផ្កាទល់មុខ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយក៏បានបន្តជិះរត់គេចខ្លួនពីមូលដ្ឋានខណ្ឌបឹងកេងកង រហូតដល់មូលដ្ឋានខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ កំពុងល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែឮសំឡេងស្រែកថា ចោរ!ៗ និងមានសំឡេងម៉ូតូស៊ីផ្លេ ហើយឃើញប្រជាពលរដ្ឋប្រមាណ ៤ ទៅ៥ម៉ូតូ កំពុងដេញតាមម៉ូតូរបស់ជនសង្ស័យ ទើបកម្លាំងសមត្ថកិច្ចប្រដេញតាមឃាត់ ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវលំ ១កន្លែង បន្ទាប់ពីជនសង្ស័យជិះរត់គេចដល់ផ្លូវទាល់ ផ្តួលម៉ូតូចោល រួច លោតចូលប្រឡាយទឹកស្អុយ ទើបសមត្ថកិច្ចក្របួចបានទាំង២នាក់ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង កេងកង១ ដើម្បីប្រគល់ជូនម្ចាស់មូលដ្ឋានវិញ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យទី១-ឈ្មោះសុខ ចាន់សីហា ភេទប្រុស អាយុ២១ឆ្នាំ ធ្លាប់បានធ្វើសកម្មភាពឆក់ ចំនួន៣លើក និងជនសង្ស័យទី២-ឈ្មោះ សេង ឡៅ អាយុ២០ឆ្នាំ ធ្លាប់ឆក់បានសម្រេចចំនួន ២ដង តែលើកនេះបានធ្វើសកម្មភាពចាប់ដៃគូគ្នា រួចក៏ត្រូវសមត្ថកិច្ចក្របួចបានទាំង២តែម្តង។

ក្រោយទទួលបានជនសង្ស័យទាំង២នាក់ កម្លាំងមូលដ្ឋានប៉ុស្តិ៍បឹងកេងកង១ បាននាំជនសង្ស័យទៅកាន់ទីតាំងដែលខ្លួនបានធ្វើសកម្មភាព រួចចង្អុលបង្ហាញកន្លែងដែលឆក់ និងកន្លែងដែលប្លុងទូរស័ព្ទចោល បន្ទាប់មកក៏ធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES