Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សិប្បកម្មផលិតកែវក្រដាស ភ្លើងឆេះ

 សិប្បកម្មផលិតកែវក្រដាស ភ្លើងឆេះ

ភ្នំពេញ ៖ សិប្បកម្មផលិតកែវក្រដាស មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យខូចខាតសម្ភារៈមួយចំ នួននៅជាន់ទី១  និងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើ ប្រាស់ទឹកអស់ ៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះសិប្បកម្មផលិតកែវក្រដាស ខេស៊ី ស្ថិតនៅផ្ទះលេខC97 ផ្លូវលេខ Maha C បុរីមហាសែនសុន នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ម្ចាស់សិប្បកម្មដែលរងការឆាបឆេះ មានឈ្មោះឡុង កញ្ចរា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះនៅជាន់ទី១ ផ្សែងហុយទ្រ លោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បាន ក៏បានទៅទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍។

នៅក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដោយប្រើប្រាស់អស់ទឹក ចំនួន៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃដដែល។

តាមប្រភពសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះ ជាប្រភេទសំណង់ផ្ទះល្វែង ធ្វើថ្មបេតុង ទំហំ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ។ ចំណែកសម្ភារៈខូចខាត រួមមាន ម៉ាស៊ីនត្រជាក់១គ្រឿង កែវក្រដាស និងសម្ភារៈមួយចំនួនទៀត តែយ៉ាងណាហេតុការណ៍នេះ មិនបង្កឱ្យឆេះរាលដាលដល់ផ្ទះក្បែរខាងឡើយ។ ចំណែកមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយកម្ទេចភ្លើង បានធ្លាក់ទៅលើកេសកែវក្រដាស ទើបក្លាយជាអគ្គិភ័យ៕

RELATED ARTICLES