Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆក់ ភ័យស្រីដេញ ដួលម៉ូតូ ជាប់ខ្នោះ២

ចោរឆក់ ភ័យស្រីដេញ ដួលម៉ូតូ ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ បានជិះម៉ូតូដឹកគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទយុវតី ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ បានសម្រេច តែភ្លាមនោះ ត្រូវយុវតីរងគ្រោះជិះម៉ូតូប្រដេញតាមស្រែក ចោរ!ៗ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ រេចង្កូតម៉ូតូដួល ត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់ទាំង ២នាក់ វាយទ្រោមខ្លួន រួចទើបប្រគល់ឱ្យសមត្ថកិច្ច។ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះចេង សុខជាវុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងជាប់នៅមណ្ឌលកែប្រែគ្រឿងញៀនឃ្មួញ ចំនួន៤ដង និងទី២-ឈ្មោះណន សុវណ្ណនី ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងជាប់នៅមណ្ឌលកែប្រែគ្រឿង ញៀនឃ្មួញចំនួន៦ដង។ រីឯយុវតីរងគ្រោះ មានអាយុ១៨ឆ្នាំ មុខរបរជាសិស្ស មានលំនៅបច្ចុប្បន្នក្នុង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកទូរស័ព្ទដែលជនសង្ស័យឆក់យកទៅ ម៉ាក iPhone11 (ត្រូវដកហូតយកបានមកវិញ)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ជាមួយបង ស្រីជីដូនមួយ ដោយបានទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ ហើយធ្វើដំណើរតាមផ្លូវជាតិលេខ៤។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ នោះជិះម៉ូតូ ១គ្រឿង ម៉ាក YAMAHA-XY ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-7483 តាមពីក្រោយ លុះមកដល់ទន្ទឹមគ្នា ជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាងបានសម្រេច រួចជិះគេចខ្លួន។

ប្រភពដដែល បន្តថា ភ្លាមនោះយុវតីរងគ្រោះ បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយយ៉ាងប្រកិត និងស្រែកថា “ចោរ!ៗ” បង្កការភ្ញាក់ផ្អើលពេញដងផ្លូវ ជាហេតុធ្វើឱ្យជនសង្ស័យភ័យពេក រេចង្កូតម៉ូតូដួល ហើយក៏ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋឃាត់ខ្លួនបាន ពេលនោះដោយទប់កំហឹងមិនបាន ប្រជាពលរដ្ឋបាននាំគ្នាវាយទាត់ធាក់ជនសង្ស័យ ឡើងទ្រោមខ្លួន រួចទើបប្រគល់ឱ្យនគរបាល នាំយកទៅសាកសួរនិងចាត់ការតាមច្បាប់៕

RELATED ARTICLES