Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រីស្អាតទិញនំប៉័ង បន្លំលួចម៉ូតូ ជាប់ខ្នោះ

 ស្រីស្អាតទិញនំប៉័ង បន្លំលួចម៉ូតូ ជាប់ខ្នោះ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានចូលទៅទិញនំប៉័ង រួចប្រើល្បិចធ្វើជានិយាយលេងជាមួយយុវតីដែលជាអ្នកលក់ លុះពេលអ្នកលក់រវល់ចូលបន្ទប់ទឹកមួយភ្លែត ស្រាប់តែនារីជើងល្អ បានធ្វើសកម្មភាពលួចយកម៉ូតូ ១គ្រឿង បានសម្រេច រួចជិះគេចខ្លួន តែភ្លាមៗនោះ យុវតីជាម្ចាស់ម៉ូតូ បានប្រាប់បងប្រុសឱ្យជិះម៉ូតូដេញតាមទាន់ ក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចាប់ក្របួចជាប់ភ្លាមៗតែម្តង ។

ករណីស្រីស្អាតលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ស្រីសង្ស័យ មានឈ្មោះសុខ ចាន់ណា អាយុ២៧ឆ្នាំ មានលំនៅ ភូមិស្វាយ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-7719 ជាកម្មសិទ្ធិរបស់យុវតីឈ្មោះង៉ាំ រ៉ូហ្សា អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ នារីសង្ស័យខាងលើ បានដើរចូលទៅនិយាយលេងជាមួយយុវតីដែលជាម្ចាស់ម៉ូតូ បន្ទាប់មកបានកុម៉្មង់ទិញនំប៉័ង ហើយខណៈពេលដែលយុវតីខាងលើ រវល់ចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែនារីសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូជិះគេចខ្លួនបាត់។ ចំណែកយុវតីរងគ្រោះ ក្រោយពេលចេញពីបន្ទប់ទឹកវិញ បាត់ទាំងអ្នកទិញនំប៉័ង និងម៉ូតូរបស់ខ្លួន ក៏បានហៅបងប្រុសម្នាក់ ឱ្យជិះតាមរក ក៏ប្រទះឃើញនារីសង្ស័យកំពុងតែជិះម៉ូតូរបស់ខ្លួននៅម្តុំស្ពានព្រែកជ្រៃ តាមផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ហើយបានស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ច ជួយដេញតាមចាប់ឃាត់ខ្លួនបានតែម្តង។

ក្រោយកើតហេតុ ស្រីសង្ស័យជាចោរលួចម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES