ខេត្តបាត់ដំបង ៖ នារីវ័យក្មេងម្នាក់ ដែលជាមុខសញ្ញារក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន និងបានដកហូតគ្រឿងញៀនចម្រុះ ប្រមាណជាង ១គីឡូក្រាម។ការឃាត់ខ្លួននារីជួញគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិនរា ឃុំនរា ស្រុកសង្កែ។
នារីសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះវណ្ណា សំណាង ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ នារីរូបនេះ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង។
តាមប្រភពមន្ត្រីជំនាញ បានឱ្យដឹងថា ជាមួយការឃាត់ខ្លួននារីជាជនសង្ស័យភ្លាមៗនោះ មន្ត្រីជំនាញ ដកហូតថ្នាំញៀន បានតែមួយចំនួនតូចប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីនាំយកមកធ្វើការសាកសួរតាមជំនាញ ទើបនារីសង្ស័យបានឆ្លើយសារភាពថា នៅមានថ្នាំញៀនមួយចំនួនធំ ទៀត ដែលនាងបានលាក់នៅក្នងផ្ទះ។ ភ្លាមនោះ កម្លាំងជំនាញ បានចុះឆែកឆេរលំនៅឋានស្ត្រីសង្ស័យ និងបានរកឃើញថ្នាំញៀន យ៉ាងច្រើន។
ប្រភពដដែល បញ្ជាក់ថា វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យ រួមមាន ១-ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន ៤កញ្ចប់ ទម្ងន់១១ក្រាម។ ២-ថ្នាំញៀនប្រភេទ MDMA (ថ្នាំគ្រវី) ចំនួន៧៥កញ្ចប់ ទម្ងន់១៣៨៧,៧៣ក្រាម (១គីឡូ ៧៣ក្រាម)។ ៣-ថ្នាំញៀនប្រភេទ WY (យ៉ាម៉ា)។ និង៤-ម៉ូតូ ១គ្រឿង។
នារីសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញ សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕