Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរវល់ទៅស៊ីការ ភ្លើងឆេះផ្ទះហ្មត់

រវល់ទៅស៊ីការ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកំពង់ឆ្នាំង ៖ លំនៅឋានប្រជាពលរដ្ឋ ចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆេះខ្ទេច បន្ទាប់ពីភ្លើងឆេះព្រៃ ឆេះរាលមកដល់ផ្ទះ ខណៈដែលម្ចាស់ផ្ទះមិននៅ រវល់ចេញទៅហូបការនៅក្នុងភូមិ លុះពេលត្រឡប់មកវិញ ប្រទះឃើញផ្ទះត្រូវភ្លើងឆេះអស់បាត់ទៅហើយ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និ១៥នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះទាំង២ខ្នងដែលត្រូវអគ្គិភ័យឆាបឆេះ ម្ចាស់ផ្ទះទី១- មានម្ចាស់ឈ្មោះឌូ ឱ ភេទប្រុស អាយុ៨៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ ឆេះខូចខាត ផ្ទះ១ខ្នង ទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើប្រក់ស្លឹក ជញ្ជាំងស័ង្កសី និងជង្រុកស្រូវ១ខ្នង ទំហំ ២ម៉ែត្រ គុណនឹង ៣ម៉ែត្រ ស្រូវ៣តោន គោយន្ត ១គ្រឿង កង់ ១គ្រឿង ប្រាក់ ៣០០ដុល្លារ និងឯកសារមួយចំនួន។

ប្រភពដដែល បន្តថា ចំណែកម្ចាស់ផ្ទះទី២- មានឈ្មោះហេង សឿន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ រីឯសម្ភារៈ និងទ្រព្យសម្បត្តិខូចខាត រួមមាន ផ្ទះ១ខ្នង ទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើ ប្រក់ហ្វីប្រូស៊ីម៉ងត៍ ជញ្ជាំងស្លឹក ស្រូវ២៣បេ និងឯកសារមួយចំនួន។

ប្រភពខាងលើ បញ្ជាក់ថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះទាំងពីរនាក់ខាងលើ បាននាំគ្នាចេញទៅហូបការអ្នកភូមិ ហើយមិនដឹងថាមានភ្លើងឆេះព្រៃពីពេលណានោះទេ ស្រាប់តែបានឆេះរាលមកផ្ទះពួកគាត់ទាំងពីរខ្នងខ្ទេចគ្មានសល់។ លុះពេលមកពីហូបការវិញ ឃើញផ្ទះរបស់ខ្លួន ត្រូវភ្លើងឆេះអស់ទាំងស្រុងទៅហើយ។សមត្ថកិច្ច បានបញ្ជាក់ថា ផ្ទះរបស់ជនរងគ្រោះទាំង២ខ្នងខាងលើ ស្ថិតនៅក្នុងព្រៃដាច់ស្រយាលពីអ្នកភូមិ ចម្ងាយជាង ៧គីឡូម៉ែត្រ ទើបពេលភ្លើងឆេះនោះ ពុំមានអ្នកបានដឹង និងសង្គ្រោះទាន់ពេល៕

RELATED ARTICLES