Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបក្មេងទំនើង៤០នាក់ ៨នាក់ញៀនថ្នាំ

 បង្ក្រាបក្មេងទំនើង៤០នាក់ ៨នាក់ញៀនថ្នាំ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ចំនួន៤០នាក់ យកមកអប់រំ ក្នុងនោះមានចំនួន៨នាក់ មានសារធាតុញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តនីតិវិធី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ ចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បានប្រទះឃើញក្រុមក្មេងទំនើង បង្កើតជាក្រុម បក្ខពួក ប្រមូលផ្តុំគ្នាផឹកស៊ីតាមបណ្តោយផ្លូវ និងជុំវិញកន្លែងកម្សាន្តផ្សេងៗ កម្លាំងបានចុះត្រួតពិនិត្យឆែកឆេរ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៤០នាក់ និងធ្វើតេស្ត ទឹកនោម។

មន្ត្រីអាវុធហត្ថក្រុង បានបញ្ជាក់ថា ក្រោយពីធ្វើតេស្តទឹកនោមលើក្មេងទំនើងទាំង៤០នាក់ ឃើញមានសារធាតុញៀន ចំនួន ៨នាក់ បានកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តនីតិវិធីទៅតាមច្បាប់។

ចំណែកក្មេងទំនើង ៣២នាក់ទៀត ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងជំនាញ បានធ្វើកិច្ចសន្យា អប់រំណែនាំ និងឱ្យអាណាព្យាបាលធានាត្រលប់ទៅលំនៅឋានវិញ ដើម្បីអប់រំបន្ត៕

RELATED ARTICLES