ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូដឹកគ្នា ទើបនឹងត្រឡប់មកពីស្រុកកំណើត បានទាក់ចង្កូតជាមួយម៉ូតូកង់បី ១គ្រឿង បណ្តាលឱ្យដួលអូសកកិតនឹងថ្នល់ ធ្វើឱ្យបែកផ្កាភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យម៉ូតូខាងលើ រងការខូចខាតអស់គ្មានសល់ ចំណែកប្តីប្រពន្ធ ជាម្ចាស់ម៉ូតូ គ្រាន់តែរងរបួសរលាត់ដៃជើងប៉ុណ្ណោះ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជាការឆាបឆេះម៉ូតូ ១គ្រឿងនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទី ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង មុខវត្តសំរោងអណ្តែត ក្នុងភូមិក្រុងខ្មែរ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿង ម៉ាក MSX ពណ៌ក្រហម ជិះគ្នា២នាក់ (ជាប្តីប្រពន្ធ) ទើបនឹងត្រឡប់មកពីលេងស្រុកកំណើត។ នៅពេលមកដល់កន្លែងកើតហេតុ មុខបុរីពិភពថ្មី ផ្លូវចូលវត្តសំរោងអណ្តែត ក៏បានជួបគ្រោះថ្នាក់ ទាក់ដៃចង្កូតជាមួយម៉ូតូកង់៣ មួយគ្រឿង បណ្តាលឱ្យដួលហើយអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើង ប៉ះជាមួយសាំង ហៀរកំពប់ ទើបធ្វើឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។
នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យ២នាក់ប្តីប្រពន្ធ រងរបួសរលាត់ដៃជើង រួចបានឡើងជិះម៉ូតូអ្នកមកជាមួយគ្នា ទៅបាត់ទៅ។ បន្ទាប់ពីកើតមានអគ្គិភ័យ ប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ តែម៉ូតូ ១គ្រឿងនោះ ត្រូវភ្លើងឆេះអស់ សល់តែឆ្អឹងដែកតែប៉ុណ្ណោះ៕