Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទះបាយក្តាំង ភ្លើងឆេះខ្ទេច

ផ្ទះបាយក្តាំង ភ្លើងឆេះខ្ទេច

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះធ្វើបាយក្តាំង និងបាញ់ត្រាង មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលខូចខាតអស់ទាំងស្រុង ដោយមិនទាន់ដឹងមូលហេតុនៅឡើយ ខណៈដែលសមត្ថកិច្ចជំនាញ បានចេញអន្តរាគមន៍ភ្លាម ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះធ្វើបាយក្តាំង និងបាញ់ត្រាង ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

តាមប្រភពម្ចាស់ផ្ទះរងគ្រោះ បានបញ្ជាក់ប្រាប់ថា ផ្ទះរបស់គាត់ ធ្វើបាយក្តាំង និងបាញ់ត្រាង នៅមុនពេលកើត ហេតុ គាត់បានសម្រាក មិនបានធ្វើបាយក្តាំង និងបាញ់ត្រាងនោះទេ លុះក្រោយពីដេកលក់ ស្រាប់តែអគ្គិភ័យបានឆាបឆេះស្ទើរតែរត់ចេញមិនទាន់ ហើយភ្លាមនោះ គាត់បានស្រែកឱ្យអ្នកជិតខាងជួយពន្លត់ រួចនាំគ្នាយកទឹកជះពន្លត់ និងរង់ចាំរថយន្តពន្លត់អគ្គិភ័យមកដល់ តែចូលមិនរួច ក៏ទាញទុយោពីចម្ងាយបាញ់ ផ្នែកខាងក្រោយ និងខាងមុខ មានម៉ូតូកង់បី ១គ្រឿង ដាក់ធុងសាងទឹកពីរថយន្ត ដឹកមកជះពន្លត់ ការពាររាលដាលផ្ទះអ្នកជិត ខាង តែអកុសលផ្ទះ របស់គាត់ត្រូវបានភ្លើងឆេះអស់គ្មានសល់។

តាមប្រភពពីមន្ត្រីជំនាញបង្ការនិងពន្លត់អគ្គិភ័យខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យភ្លាម កម្លាំងជំនាញបានចេញអន្តរាគមន៍ ដោយបញ្ជូនរថយន្តពន្លត់អគ៉្គិភ័យ ចំនួន២ទៅ៣គ្រឿង ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗដែរ តែចូលមិនដល់ ដោយសារមានផ្ទះ ១ខ្នង ធ្វើជាប់ផ្លូវ។ យ៉ាងណា  កម្លាំងជំនាញបានទាញទុយោអូសចូលតាមក្រោយ បាញ់ពន្លត់ មិនបណ្តាលរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋនៅជិតខាង តែអគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នង ដែលធ្វើបាយក្តាំងនិងបាញ់ត្រាង អស់ទាំងស្រុង។

មន្ត្រីជំនាញ បានបញ្ជាក់ថា ជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយ។ ចំណែកការខូចខាត រួមមាន ឆេះអស់ផ្ទះឈើ ប្រក់ស័ង្កសី ១ល្វែង និងសម្ភារៈអស់ទាំងស្រុង និងមិនទាន់ដឹងទំហំខូចខាតគិតជាទឹកប្រាក់មិនប៉ុន្មាននៅឡើយទេ៕

RELATED ARTICLES