Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថភ្លើងបុកឡានដឹកស្រូវ របួសមនុស្ស៥នាក់

រថភ្លើងបុកឡានដឹកស្រូវ របួសមនុស្ស៥នាក់

ខេត្តពោធិ៍សាត់ ៖ រថយន្តសណ្តោងដឹកស្រូវ ១គ្រឿង បើកបរឆ្លងផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើង១ខ្សែ បើកមកដល់បុក បណ្តាលឱ្យរថយន្តធ្លាក់ផ្លូវ បង្កឱ្យអ្នករួមដំណើរលើរថយន្ត រងរបួស៥នាក់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈអ្នកបើកបររថយន្ត មិនមានរងរបួសអ្វីនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង និងរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវឆ្លងចូលត្រពាំងសង្កែ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតនៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន។

អ្នកបើកបររថភ្លើង មានឈ្មោះឡោ សាវី ភេទប្រុស អាយុ៥៣ឆ្នាំ (មិនមានរងរបួស)។ ចំណែកអ្នកបើកបររថ យន្ត មានឈ្មោះណូក ប៊ុនហួយ ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង (មិនមានរបួស)។

ដោយឡែក អ្នករួមដំណើរចំនួន៥នាក់ ដែលរងរងរបួសធ្ងន់-ស្រាល រួមមាន ទី១-ឈ្មោះយ៉ាន់ រ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅ ភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន (រងរបួសស្រាល)។ ទី២-ឈ្មោះវ៉ាន់ ប៊ន ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន (រងរបួសធ្ងន់)។ ទី៣-ឈ្មោះឈម នាង ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន (រងរបួសធ្ងន់)។ ទី៤-ឈ្មោះសាយ សុខនី ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន (រងរបួសធ្ងន់) និងទី៥-ឈ្មោះនូ បារាំង ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន (រងរបួសធ្ងន់)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថភ្លើងសណ្តោងទូដឹកប្រេង ១ខ្សែ បានបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកជិតដល់ចំណុចកើតហេតុ ដែលមានយានយន្តឆ្លងកាត់ រថភ្លើងបានបន្លឺសំឡេងស៊ីផ្លេខ្លាំងៗដែរ  ស្រាប់តែពេលរថភ្លើងបើកមកដល់ មានរថយន្តធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8596 ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3487 បានបើកឆ្លងផ្លូវដែក ក្នុងទិសដៅពីជើង ទៅត្បូង ក៏ត្រូវរថភ្លើងជ្រុលបុកពេញទំហឹង បណ្តាលឱ្យរថយន្ត ធ្លាក់ផ្លូវ និងធ្វើឱ្យរងរបួសអ្នកធ្វើដំណើរតាមរថយន្ត ចំនួន៥នាក់។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ដោយឡែក វត្ថុតាងរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES