Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សង្ឃក្លែងក្លាយ ដើរបិណ្ឌបាត ជាប់ខ្នោះ

 សង្ឃក្លែងក្លាយ ដើរបិណ្ឌបាត ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានក្លែងបន្លំខ្លួនជាព្រះសង្ឃ ដោយកោរសក់ ស្លៀកស្បង់ ចីវរ ដើរបិណ្ឌ បាត្រនៅក្នុងផ្សារអូរឫស្សី ដើម្បីយកលុយទៅទិញថ្នាំញៀនជក់ លុះប្រជាពលរដ្ឋសង្ស័យ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់សាកសួរ ដឹងថាជាសង្ឃក្លែងក្លាយ ក៏ចាប់ឃាត់ ខ្លួនទាំង២នាក់ នាំយកទៅចាត់ការតាម ច្បាប់។

ការឃាត់ខ្លួនជនសង្ស័យជាសង្ឃក្លែងក្លាយ ២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្សារអូរឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសៅ ពន្លៃ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងទី២-ឈ្មោះថាន សុខល័ក្ខ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ (មានសារធាតុញៀន)។ ចំណែកសម្ភារៈដកហូត រួមមាន គ្រឿងបរិក្ខារបស់ព្រះសង្ឃ ចំនួន២ឈុត ឆត្រ១ និងប្រាក់ចំនួន២២០០០រៀល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី១ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានព្រះសង្ឃ ២អង្គ កំពុងនិមន្តបិណ្ឌបាតនៅក្នុងផ្សារអូរឫស្សី និងគួរឱ្យសង្ស័យ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ និងធ្វើការឃាត់សាកសួរ ដឹងថាជាសង្ឃក្លែងក្លាយ រួចក៏ចាប់ឃាត់ខ្លួន នាំយកមកសាកសួរបន្ថែម ព្រមទាំងធ្វើតេស្តរកសារធាតុញៀន លទ្ធផល វិជ្ជមានទាំង២នាក់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតតាមផ្សារ និងទីប្រជុំជនប្រាកដមែន ហើយពេលបានលុយហើយ នាំគ្នាយកទៅចាយ និងទិញថ្នាំញៀនជក់។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES