Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអភិបាលខេត្ត ចាត់ការអភិបាលរងស្រុក ដកកាំភ្លើងភ្ជង់មេទាហាន-មេប៉ូលិស

អភិបាលខេត្ត ចាត់ការអភិបាលរងស្រុក ដកកាំភ្លើងភ្ជង់មេទាហាន-មេប៉ូលិស

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើជូនលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ពិនិត្យនិងសម្រេចដាក់វិន័យរដ្ឋបាលលើលោកសុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង ដែលបានដកកាំភ្លើង ភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង តាមដងផ្លូវ នៅពេលរាត្រី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកុអូររាំង ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើដើម្បីគោរពជូនឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ពិនិត្យនិងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គលដែលមានកំហុសឆ្គងខាងលើ។ ចំពោះអាវុធ ត្រូវបានដកហូតនិងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។

ដោយឡែក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដដែលនោះដែរ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏បានចេញសេចក្តីបំភ្លឺព័ត៌មានមួយផងដែរ ជុំវិញករណីខាងលើ ដោយបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានបណ្តាញគេហទំព័រព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សាយព័ត៌មាន ពាក់ព័ន្ធករណីលោកអភិបាលរងស្រុកអូររាំង ដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុកអូររាំង និងភ្ជង់លោកអធិការស្រុកអូររាំង កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ពាក់ព័ន្ធករណីខាងលើ ស្នងការនគរបាលខេត្តមណ្ឌលគិរី បានចាត់តាំងកម្លាំងជំនាញ ចុះធ្វើការ ស្រាវជ្រាវ កសាងសំណុំរឿង និងកំពុងចាត់វិធានការបន្ត តាមនីតិវិធីច្បាប់…។

គួររំលឹកថា លោកសុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង តាមដងផ្លូវ នៅពេលរាត្រី បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ហេតុការណ៍នេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

តាមប្រភពព័ត៌មាន បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា មុនពេលកើតហេតុលោកខាត់ សាក់ មេបញ្ជាការសឹករងស្រុកអូររាំង បានធ្វើដំណើរចេញពីបន្ទាយ តាមបណ្តោយផ្លូវជាតិលេខ៧៦ ឆ្ពោះទៅក្បែរៗវត្ត នៅមិនឆ្ងាយពីអធិការស្រុកអូររាំង ដោយសារលោកសៀក មុន្នី ទូរស័ព្ទឱ្យលោកទៅមើលឈ្មោះសុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង ឮថាអភិបាលរងស្រុកខាងលើ បានបើកឡានកៀរក្មេង។ នៅពេលដែលលោកខាត់ សាក់ និងលោកសុខ សុវណ្ណារិទ្ធ បានជួបគ្នា បែរជាមានទំនាស់ពាក្យសំដីគ្នា ឈានដល់ភ្ជង់កាំភ្លើងដាក់គ្នា រហូតដល់អភិបាលរងស្រុករូបនោះ បបួលលោកមេបញ្ជាការសឹករងអូររាំង វាស់ដីបាញ់គ្នាផង ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោកហាក់ ទិត្យឫទ្ធីវង្ស អធិការស្រុកអូររាំង ក៏បានអះអាងថា នៅពេលកើតហេតុ លោកឃើញភាគីទាំងពីរ គឺលោកអភិបាលរងស្រុក និងលោកមេបញ្ជាការសឹករង កំពុងដកកាំភ្លើងភ្ជង់គ្នា។ ភ្លាមនោះ លោកបានធ្វើការសម្របសម្រួល ប៉ុន្តែលោកអភិបាលរងស្រុក នៅរឹងទទឹង ថែមទាំងរេកាំភ្លើងមកភ្ជង់លោកថែមទៀត ហើយលោកក៏ស្ទុះទៅចាប់យកកាំភ្លើងពីលោកអភិបាលរងស្រុកតែម្តង សំដៅបញ្ចប់វិវាទ។

ទាក់ទងបញ្ហាខាងលើនេះ លោកសុខ សុវណ្ណារិទ្ធ បានអះអាងប្រាប់អ្នកសែត កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “នោះជាការយល់ច្រឡំ តាមពិតពុំមានការបំផ្ទុះអាវុធ ឬក៏ភ្ជង់ស្អីទេ ព្រោះសុទ្ធតែគ្នាឯង… ដោយខាងខ្ញុំមានកាំភ្លើង ហើយម្ខាងទៀតក៏មានកាំភ្លើង ដូច្នេះខាងប៉ូលិសគេសុំដកយកទៅរក្សាទុកសិន ហើយរឿងនេះក៏បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយដែរ…”៕

RELATED ARTICLES