Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរស៊យ លួចម៉ូតូខូច បណ្តើរតាមផ្លូវ ប៉ូលិសចាប់វ៉ៃខ្នោះ

ចោរស៊យ លួចម៉ូតូខូច បណ្តើរតាមផ្លូវ ប៉ូលិសចាប់វ៉ៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច តែប៉ះម៉ូតូខូច បញ្ឆេះជិះមិនកើត ក៏បណ្តើរតាមផ្លវ ទីបំផុតត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ មានការសង្ស័យឃាត់សាកសួរ ទើបដឹងថា ជាម៉ូតូដែលទើបនឹងលួចបាន ក៏ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចផ្លូវជាតិលេខ២ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះសុខ មករា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ចំណែកវត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដា MSX ស៊េរីឆ្នាំ២០១៦ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-1903 ជារបស់ជនរងគ្រោះឈ្មោះ នន ប្រុសនាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌ ដង្កោ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា  កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ នន ប្រុសនាង បានទុកម៉ូតូ ១គ្រឿង ម៉ាក HONDA MSX ពណ៌សលាយខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DM-1903 ដែលខូច ទុកចោលនៅខាងក្រោយរោងជាងម៉ូតូរបស់បងថ្លៃខ្លួន ឈ្មោះវិន ដារ៉ា អាយុ៣៩ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ដោយទុកសោម៉ូតូជាប់នឹងម៉ូតូ រួចជនរងគ្រោះក៏បានចូលដេកក្នុងផ្ទះខាងលើ។ រហូតដល់វេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះនន ស្រីល័ក្ខ ភេទស្រី ដែលជាបងថ្លៃរបស់ជនរងគ្រោះ បានចេញ ពីក្នុងផ្ទះ ស្រាប់តែបាត់ម៉ូតូ រួចក៏ស្រែកប្រាប់ជនរងគ្រោះ។ ភ្លាមនោះ ជនរងគ្រោះ បានចេញតាមរកមើលម៉ូតូ ជាមួយឈ្មោះរិន ដារ៉ា។ ស្របពេលនោះ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ជិះម៉ូតូល្បាតតាមផ្លូវជាតិលេខ២ បានឃើញជនសង្ស័យឈ្មោះ សុខ មករា ភេទប្រុស អាយុ៣០ឆ្នាំ កំពុងបណ្តើរម៉ូតូរបស់ជនរងគ្រោះ តាមផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ទើបឃាត់សាកសួរ និងឈានដល់ការខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES