Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីមន្ត្រីក្រសួងកសិកម្ម សន្លប់តាមផ្លូវ

ស្ត្រីមន្ត្រីក្រសួងកសិកម្ម សន្លប់តាមផ្លូវ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាមន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  កំពុងដើរសុខៗ ស្រាប់តែដួលប្រកាច់ សន្លប់ស្តូក ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងចំណុចស្ថានីយប្រេងឥន្ធនៈកាល់តិច ជិតស្តុបបូកគោ ផ្លូវម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

យោងតាមឯកសារដែលនៅជាប់នឹងខ្លួនស្ត្រីរងគ្រោះ បញ្ជាក់ថា ស្ត្រីរងគ្រោះ មានឈ្មោះទូច ស្រីពេជ្រ អាយុ៣៥ឆ្នាំ ជាមន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្នាក់នៅផ្ទះលេខ 80E1 ផ្លូវ៩៥ ភូមិ៣ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីខាងលើ បានដើរកាន់បង្វិច និងទឹកបរិសុទ្ធ ព្រមទាំងបបរ មួយចាន ចេញពីស្តុបចម្ការមន ឆ្ពោះមកកាន់ស្តុបបូកគោ លុះមកដល់ចំណុចកើតហេតុ ស្ត្រីខាងលើ បានអង្គុយអែបរបងម៉ាត ជាប់បរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច បានមួយសន្ទុះ ស្រាប់តែមានអាការប្រកាច់ កន្ត្រាក់ដៃជើង ហើយដួលសន្លប់តែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីឃើញសភាពបែបនេះ មានបងប្អូនប្រជាពលរដ្ឋ បាននាំជួយទិញប្រេងកូឡា លាបឱ្យ និងបានធ្វើចលនាសង្គ្រោះបឋម និងមានអ្នកខ្លះបានទំនាក់ទំនងហៅរថយន្តសាមុយ ឱ្យមកជួយសង្គ្រោះស្ត្រីរងគ្រោះ រួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ភ្លាមៗ៕

RELATED ARTICLES