Sunday, November 24, 2024
Homeនយោបាយរដ្ឋសភាប្រកាសផ្អាក​បញ្ជូន​សំណើកោះ ហៅ​រដ្ឋមន្ត្រី ព្រោះ​បក្ស​ប្រឆាំង​មិនចូល​ប្រជុំ​សភា

រដ្ឋសភាប្រកាសផ្អាក​បញ្ជូន​សំណើកោះ ហៅ​រដ្ឋមន្ត្រី ព្រោះ​បក្ស​ប្រឆាំង​មិនចូល​ប្រជុំ​សភា

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសផ្អាកបញ្ជូនសំណើ​កោះហៅរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំភ្លឺនៅរដ្ឋសភា ជាបណ្តោះអាសន្ន ដើម្បីធានាឱ្យមាន​សម​​ធម៌នយោបាយ រវាងគណបក្សនយោបាយទាំង២ ដែលមាន អាសនៈក្នុងរដ្ឋសភា បន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង មិនចូលប្រជុំសភា នាពេលកន្លងមកថ្មីៗនេះ។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា ស្របតាមកថាខណ្ឌ ទី២ នៃមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ និងដើម្បី ធានាឱ្យមានសមធម៌​នយោ​បាយរវាងគណបក្ស នយោបាយទាំង២ ដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងករណីដែលអ្នកតំណាង​រាស្ត្រគណបក្សក្រៅ រដ្ឋាភិបាល ពុំអនុវត្តការងាររបស់ខ្លួននៅក្នុងរដ្ឋសភា ជាប្រក្រតីទេនោះ រដ្ឋសភា សម្រេចផ្អាក មិនបញ្ជូនសំណើកោះអញ្ជើញរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យមកបំភ្លឺចំពោះគណៈកម្មការនានានៃរដ្ឋសភា ដែលដឹកនាំដោយគណបក្ស ក្រៅរដ្ឋាភិបាលជាបណ្តោះអាសន្នសិន

ការចេញសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យរដ្ឋសភាខាងលើ បានធ្វើឡើងក្រោយ ពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា នឹង មិនអនុញ្ញាតឱ្យរដ្ឋមន្ត្រី ចំនួន៣រូប គឺរដ្ឋមន្ត្រី ក្រសួងការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន និងរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ចូលទៅបំភ្លឺនៅរដ្ឋសភា តាមសំណើ របស់សមាជិកសភាមកពីគណបក្សប្រឆាំង នា ពេលខាងមុខនេះទេ ដោយហេតុផលថា បក្ស ប្រឆាំង មិនបានគោរពច្បាប់ មិនបានចូលប្រជុំ សភា។

ដោយឡែកថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ពីបញ្ហា នេះឡើងវិញថា បើគណ​បក្សសង្គ្រោះជាតិ ចង់ កោះហៅរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល ទៅបំភ្លឺ នៅរដ្ឋសភា លុះត្រាតែគោរពលក្ខខណ្ឌ ចំនួន ២ចំណុច គឺទី១ តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិទាំងអស់ ត្រូវចូលរួមប្រជុំសភា និងធ្វើការ ពេញលេញក្នុងរដ្ឋសភា និងទី២ មិនត្រូវវាយ ប្រហាររដ្ឋមន្ត្រី នៅមុខសារព័ត៌មានក្រោយបញ្ចប់ ការសួរនាំឡើយ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន មានប្រសាសន៍ថា លក្ខខណ្ឌទី១ បក្សប្រឆាំង ត្រូវចូលធ្វើការពេញលេញក្នុងសភាសិន បើ អ្នកឯងមិនចូលទេ មិនបាច់ទេ ។ លក្ខខណ្ឌទី២ ឆ្លើយងាប់ទាំងខ្លួនទៀត ក៏មិនត្រូវចិត្តគេដែរ បើសិនជាបន្តទុកឱ្យសួររួចហើយៗបូកសរុបនៅ ខាងក្នុងថា ទទួលល្អណាស់ ឆ្លើយល្អណាស់ ចេញ មកក្រៅថា ចម្លើយនេះគ្មានបានការ បើមាន អាហ្នឹង គឺអត់ឱ្យទៅឆ្លើយទេ ព្រោះវាបាត់​បង់ តម្លៃរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល ជាសមាជិក រាជរដ្ឋាភិបាល និងបាត់បង់តម្លៃ សភា ឯកភាព បានការ​របស់គេ គឺនៅសម្តីអ្នកនិយាយជាមួយ អ្នកកាសែតឯណោះទៅវិញ។ អ៊ីចឹងខ្ញុំមិនឱ្យ សមាជិករដ្ឋាភិ​បាល​​​ទៅឆ្លើយទេ ប៉ុន្តែបើខាងសភា គណបក្សប្រជាជនដែលគេធ្វើការពេញលេញ ហៅទៅអាហ្នឹងទៅ ព្រោះ​អាហ្នឹងគេសភា រួច ចង់នៅក្រោមដើមត្នោត ទៅធ្វើសភាម៉េច។ នៅក្នុងនេះខ្ញុំមាននិយាយពីសភាមិនសភាឯណា ខ្ញុំនិយាយពីបក្សប្រឆាំងអ្នកឯងត្រូវគោរពច្បាប់

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ អភិបាលក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា លោកសុន ឆ័យ បានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌​-មាន​​នៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ថា នឹងដាក់លិខិតជូន ប្រធានរដ្ឋសភា ដើម្បីស្នើ​កោះ​ហៅរដ្ឋមន្ត្រី៣ រូប គឺលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ, លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យចូលបំភ្លឺផ្ទាល់មាត់ លើបញ្ហាការងារមួយចំនួន ក្នុងវិមានរដ្ឋសភា នាពេល​ខាងមុខនេះ ដោយក្នុងនោះ មានការត្រៀម សាកសួរលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ទាក់ទងនឹងការងារ ដឹកនាំកងទ័ពបម្រើជាតិ និងពលរដ្ឋពិតប្រាកដ, នីតិវិធីដំឡើង​យស​ស័ក្តិកងទ័ពទាំងចាស់និងថ្មី ព្រមទាំងចំណាយថវិកាទិញសម្ភារៈយោធាជា ដើម។ រីឯសំណួរដែលគ្រោងសួរលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គឺជុំវិញបញ្ហាប្រឈមរបស់ កសិករមួយចំនួន ដូច​ជា​ការដោះស្រាយបញ្ហា ជំពាក់លុយធនាគារធ្វើកសិកម្ម, ការរកទីផ្សារ លក់ផលិតផល, ការចំណាយទិញជី ប្រេង ថ្នាំគីមី ថ្លៃលើសទីផ្សារ, ការធ្វើកសិកម្មគ្មានបច្ចេកទេស ត្រឹមត្រូវ និងការគ្រប់គ្រងប្រព័ន្ធ​ធា​រា​សាស្ត្រ ទាំង រដូវប្រាំងនិងវស្សា ទូទាំងប្រទេស។ ចំណែក សំណួរដែលគ្រោងសួរលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺពាក់ព័ន្ធនឹងការបញ្ជូនពលករទៅក្រៅប្រទេស ពិសេសេ ថៃ និងកូរ៉េខាងត្បូង, ការងារធានា សុវត្ថិភាពពលករ ការបណ្តុះបណ្តាលជំនាញដល់ កម្មករ និងការជួយសម្រួលលិខិតស្នាមការងារ រដ្ឋបាលជូនពលករនៅបរទេស ជាដើម។

លោកសុន ឆ័យ បានមានប្រសាសន៍នៅ ពេលនោះថា គណបក្សសង្គ្រោះជាតិ ចង់ឱ្យ រដ្ឋមន្ត្រីមក គឺមិនមែនមកស្តីបន្ទោសឱ្យទេ គឺចង់ឱ្យមកបំភ្លឺអំពីសកម្មភាពការងារទាំងនោះ៕ កុលបុត្រ

RELATED ARTICLES