Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កុដិលោក ២ខ្នង ភ្លើងឆេះហ្មត់

 កុដិលោក ២ខ្នង ភ្លើងឆេះហ្មត់

ខេត្តឧត្តរមានជ័យ ៖ កុដិព្រះសង្ឃ ចំនួន២ខ្នងត្រូវ បានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលឆោឡោដល់អ្នកភូមិ និងសមត្ថកិច្ចចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ទាំងយប់។ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចបរិវេណវត្តជ័យទឹកជុំ អន្លង់វែង ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅចំណុចបរិវេណវត្តជ័យទឹកជុំអន្លង់វែង ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ដោយសារភ្លើងឆេះកុដិព្រះសង្ឃ ចំនួន២ខ្នង ក្នុងនោះកុដិទី១-មានទំហំ ៦ម៉ែត្រ គុណនឹង ៤ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ឆេះខូចខាត ៩០ភាគរយ និងកុដិទី២-មានទំហំ ៥ម៉ែត្រ គុណនឹង ៤ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ឆេះខូចខាត ២០ភាគរយ និងខូចខាតសម្ភារ ឆេះគ្រែ ចំនួន៣ និងសម្ភារសិក្សារបស់ព្រះសង្ឃ មួយចំនួន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីអគ្គិភ័យ ឆេះកុដិព្រះសង្ឃ នៅក្នុងបរិវេណវត្តជ័យទឹកជុំ នេះ បើតាមការពិនិត្យជាក់ស្តែងជុំវិញកន្លែងទីតាំងឆេះផ្ទាល់ គឺបង្កឡើងដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ជុំវិញប្រតិបត្តិការអន្តរាគមន៍ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកអធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងសមត្ថកិច្ច ចំនួន២០នាក់ និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយបានប្រើប្រាស់ទឹកអស់ ១ឡាន ធ្វើឱ្យភ្លើងបានរលត់ទៅវិញទាំងស្រុងនៅ វេលាម៉ោង ៧និង២០នាទីយប់ថ្ងៃដដែល ដោយមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕

RELATED ARTICLES