Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លើងឆេះដេប៉ូឈើ បាញ់ទឹកអស់ ៣២ឡាន

 ភ្លើងឆេះដេប៉ូឈើ បាញ់ទឹកអស់ ៣២ឡាន

ភ្នំពេញ ៖ ដេប៉ូលក់ឈើគ្រប់ប្រភេទមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូច ខាតងស្ទើរទាំងស្រុង និងត្រូវបានសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ជួយបាញ់ទឹកពន្លត់អស់ប្រមាណជាង៣០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចដេប៉ូ ជូលី លក់ឈើគ្រប់ប្រភេទ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំ នាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៣២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹក អស់១៩ឡាន។ រថយន្តជំនួយមកពីរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់៤គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនើបអូឡាំព្យ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹក២ឡាន។ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយសារតែទីតាំងខាងលើមានផលលំបាក ដូចជាស្ថានភាពផ្លូវមានការតូចចង្អៀត ពិបាកឱ្យកម្លាំងសមត្ថកិច្ចជំនាញចូលទៅក្នុង ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។ ទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ចប្រើប្រាស់វិធានសាស្ត្រដើរថ្មើរជើង ដោយធ្វើការអូសទាញទុយោទឹកចូលទៅដល់ក្នុង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ១៥ម៉ែត្រ គុណនឹង៨ម៉ែត្រ បានបណ្តាលឱ្យឆេះឃ្លាំងដែកប្រក់ស័ង្កីសី រួមទាំងឈើអស់ប្រហែល ៣០ភាគរយ ហើយបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះឈើ ទំហំ៧ម៉ែត្រ គុណ២៥ម៉ែត្រ ចំនួន១ខ្នងអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំ នាញរបានធ្វើការគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃដដែល។ ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួស ឬស្លាប់នោះឡើយ។ ចំណកមូលហេតុ បណ្តាលមកពីការឆ្លងចន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ៕

RELATED ARTICLES