Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កម្មកររោងចក្រ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួល

 កម្មកររោងចក្រ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួល

ភ្នំពេញ ៖ កម្មករកម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ហុង វ័ន ខេមបូឌា ហ្គាមេន ជិត១ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើកូដកម្ម អស់រយៈពេល៤ថ្ងៃមកហើយ ដើម្បីទាមទារឱ្យថៅកែរោងចក្រ ដំឡើងប្រាក់ឈ្នួលដល់ពួកគាត់ ម្នាក់ៗឱ្យបានជាង២០០ដុល្លារ។

រហូតមកដល់វេលាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករ កម្មការិនីទាំងនោះ បានបន្ត ប្រមូលផ្តុំគ្នានៅមុខរោងចក្រ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ ហៅផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ធ្វើកូដកម្មបន្តទៀត។

តាមប្រភពកម្មករ បានឱ្យដឹងថា នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ហុង វ័ន ខេមបូឌា ហ្កាមេន មានកម្មករ កម្មការិនី បម្រើការងារ ចំនួន៩៤៨នាក់ ហើយបាននាំគ្នាធ្វើកូដកម្មទាំងអស់គ្នាតែម្តង ដើម្បីទាមទារសុំឱ្យថៅកែដំឡើងប្រាក់ឈ្នួល។

ក្នុងនោះ ទី១-កម្មករដែលមានជំនាញខាងដេរម៉ាស៊ីន១ សុំដំឡើងប្រាក់ឈ្នួល ឱ្យដល់ចំនួន២០៤ដុល្លារ។ ទី២-កម្មករដែលជំនាញខាងដេរម៉ាស៊ីន២ សុំដំឡើងឱ្យដល់ចំនួន ២០៨ដុល្លារ និងទី៣-កម្មករខាងដេរម៉ាស៊ីន៣ សុំដំឡើងឱ្យដល់ចំនួន ២១២ដុល្លារ។

ក្រុមកម្មករខាងលើ បានរៀបរាប់ប្រាប់ទៀតថា សព្វថ្ងៃពួកគាត់ខ្លះទទួលបានប្រាក់ឈ្នួលក្រោម២០០ដុល្លារ ក្នុង១ខែ រីឯអ្នកខ្លះទៀត ត្រឹមតែ២០០ដុល្លារប៉ុណ្ណោះ ក្នុង១ខែ ហើយការចំណាយវិញ គ្រប់បែបយ៉ាង ដែល១ខែៗ ស្ទើរគ្មានសល់ឡើយ។ ដោយសារតែបែបនេះ ទើបពួកគាត់បានស្នើសុំឱ្យថៅកែដំឡើងប្រាក់ឈ្នួល ឱ្យដូចចំនួនខាងលើ ប៉ុន្តែថៅកែមិនអើពើនឹងសំណូមពរនេះសោះ ទើបនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពួកគាត់អត់ចូលធ្វើការ រួចបានប្រមូលផ្តុំគ្នាធ្វើកូដកម្មទាមទារសុំដំឡើងប្រាក់ឈ្នួលនេះតែម្តង។

ប្រភពដដែល បញ្ជាក់ថា ក្រោយពេលផ្ទុះកូដកម្ម អាជ្ញាធរសង្កាត់ ខណ្ឌ និងខាងមន្ត្រីក្រសួងការងារ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត បានទៅធ្វើការសម្របសម្រួល និងរកដំណោះស្រាយ។ ប៉ុន្តែមិនមានលទ្ធផលណា មួយនៅឡើយ ទើបការតវ៉ាបានអូសបន្លាយរហូតមកដល់ ពេលនេះ ហើយមន្ត្រីខាងលើ នៅតែរកដំណោះ ស្រាយសម្រាប់ពួកគាត់ទាំងអស់គ្នាបន្តទៀតដែរ ប៉ុន្តែពួកគាត់ទទួលដំណឹងថា នៅមិនទាន់ចេញជាលទ្ធផលដដែល៕

RELATED ARTICLES