Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអភិបាលខណ្ឌច្បារអំពៅ បំភ្លឺរឿងសំណង់ភូមិគ្រឹះធំស្កឹមស្កៃ រំលោភឆ្នេរទន្លេកោះក្របី

អភិបាលខណ្ឌច្បារអំពៅ បំភ្លឺរឿងសំណង់ភូមិគ្រឹះធំស្កឹមស្កៃ រំលោភឆ្នេរទន្លេកោះក្របី

ភ្នំពេញ ៖ សំណង់ភូមិគ្រឹះធំស្កឹមស្កៃមួយកន្លែង នៅកោះក្របី ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានមហាជនមើលឃើញថា បានសង់រំលោភឆ្នេរទន្លេ ពុំមានអាជ្ញាធរ ឬស្ថាប័នជំនាញណាចុះទៅត្រួតពិនិត្យនោះទេ ដែលធ្វើឲ្យមហាជនទាំងនោះ កំពុងមានចម្ងល់យ៉ាងខ្លាំងថា តើការសាងសង់នេះ មានច្បាប់អនុញ្ញាតឬអត់? ប៉ុន្តែអាជ្ញាធរខណ្ឌច្បាររអំពៅ បានបំភ្លឺប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ភូមិគ្រឹះនោះ មិនបានសង់រំលោភដីចំណីច្រាំងទន្លេទេ គឺសង់របងត្រឹមបណ្ណកម្មសិទ្ធិ ដែលចុះវាស់វែងដោយក្រុមការងារភូមិបាល ។ ចំណែកដីដែលនៅខាងក្រៅរបង ចូលទន្លេនោះ ខាងអាជ្ញាធរខណ្ឌ បានបញ្ជាឲ្យកាយចេញវិញហើយ ។

គួរបញ្ជាក់ថា ថ្មីៗនេះ មហាជនដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល (ត្រើយខាងលិច) ទៅត្រើយខាងកើត ស្ពានព្រែកសំរោង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសង្កេតឃើញសំណង់ផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ បាននិងកំពុងចាក់គ្រឹះសាងសង់នៅជាប់ទន្លេ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានចាក់ដីលយចូលទន្លេ ជាច្រើនម៉ែត្រ ។ ជាមួយគ្នានេះ មានបណ្តាញព័ត៌មានសង្គម មួយចំនួន បានផ្សាយថា ការសាងសង់ភូមិគ្រឹះខាងលើនេះ បានរំលោភចំណីឆ្នេរទន្លេ និងច្រាំងទន្លេ ទំនងជាគ្មានសុំច្បាប់សាងសង់ត្រឹមត្រូវ ឬជាអ្នកមានខ្នងក្រាស់ឃ្មឹក ទើបអាចសាងសង់រំលោភទន្លេ បានដោយរលូនបែបនេះ។

ទោះបីយ៉ាងណា ជុំវិញមន្ទិលសង្ស័យរបស់មហាជនខាងលើនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ម្ចាស់់ភូមិគ្រឹះនោះ មិនបានសង់រំលោភដីចំណីទន្លេទេ គឺសង់របងត្រឹមបណ្ណកម្មសិទ្ធិ ដែលចុះវាស់វែងដោយក្រុមការងារភូមិបាល ។ ចំណែកដីដែលម្ចាស់ភូមិគ្រឹះ ចាក់នៅខាងក្រៅរបង  ហៀរចូលទន្លេនោះ ខាងអាជ្ញាធរខណ្ឌ បានបញ្ជាឲ្យកាយឡើងមកលើវិញអស់ហើយ ។

  លោកចេង មុនីរ៉ា បានមានប្រសាសន៍ថា “បាទ! គ្រាន់តែឮសូរគេថាទេឬ ករណីហ្នឹង? ដូច្នេះខ្ញុំសូមជម្រាប! ទី១ ទីតាំងហ្នឹង ក្រុមការងារភូមិបាល បានចុះវាស់វែងហើយ គឺស្មើត្រឹមបណ្ណកម្មសិទ្ធិ របងដែលធ្វើហ្នឹង។ ប៉ុន្តែដោយឡែក ដីដែលគាត់ (ម្ចាស់សំណង់) កាយដាក់នៅខាងក្រៅហ្នឹង អាហ្នឹងវាស្ថិតនៅលើដីចំណីទន្លេ ។ អ៊ីចឹងឲ្យគាត់កាយអាដីហ្នឹង ឥឡូវគេកំពុងតែដឹកដីហ្នឹងចេញឡើងមកវិញ ។ ដូច្នេះគ្មានអ្វីបញ្ជាក់លើសពីហ្នឹងទេ បើក្រុមការងារភូមិបាលចុះវាស់វែងតាមបណ្ណកម្មសិទ្ធិហើយ ហើយឥឡូវបង (អ្នកយកព័ត៌មាន) សួរខ្ញុំ ក្នុងនាមខ្ញុំអភិបាលខណ្ឌ ដែលបានចាត់អភិបាលរង ចុះវាស់វែង ហើយគំនូសប្លង់ហើយ តើមានមន្ទិលយ៉ាងម៉េចទៀត? សរុបទៅ សុំបញ្ជាក់ឡើងវិញថា ការសាង់សង់នេះ ត្រឹមបណ្ណ (កម្មសិទ្ធិ) ចង់និយាយថា របងហ្នឹង គឺត្រឹមបណ្ណកម្មសិទ្ធិ អរគុណ!“ ៕ កុលបុត្រ

RELATED ARTICLES