Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កងបីបុកគូទគេ ក្រឡាប់ខ្លួនឯង របួស៥នាក់

 កងបីបុកគូទគេ ក្រឡាប់ខ្លួនឯង របួស៥នាក់

ភ្នំពេញ ៖ បុរសម្នាក់ បានបើកម៉ូតូកង់បី ១គ្រឿង ដឹកភ្ញៀវម្នាក់  ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកម៉ូតូ ១ គ្រឿង ជិះគ្នា៣នាក់ ចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យប៉ើងម៉ូតូជាច្រើនម៉ែត្រ ដួលរងរបួស៣នាក់ ចំណែកម៉ូតូកង់បី មិនទាន់អស់ល្បឿន បានជ្រុលទៅបុករបងផ្ទះ ប្រជាពលរដ្ឋ បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងរបួស២នាក់បន្ថែមទៀត សរុប៥នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5072 បើកដោយបុរសម្នាក់ ដឹកគ្នា២នាក់ពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-0254 បើកបរដោយបុរសម្នាក់ និងមានដឹកភ្ញៀវម្នាក់ទៀត ធ្វើដំណើរស្របទិសគ្នា ពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកម៉ូតូពីក្រោយ ពេញទំហឹង ធ្វើឱ្យប៉ើងម៉ូតូទៅមុខជាច្រើនម៉ែត្រ ដួលរងរបួសអ្នកជិះម៉ូតូទាំង៣នាក់។ ចំណែកម៉ូតូកង់បី នៅមិនទាន់អស់ល្បឿន ជ្រុលទៅបុកចូលរបងផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យក្រឡាប់ផ្ងារជើង រងរបួសទាំងអ្នកបើកកង់បី និងភ្ញៀវ។

នៅក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យមនុស្សប្រុសស្រីសរុប ចំនួន៥នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង រួចអូសយកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុក រង់ចាំឱ្យដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES