Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំជិះម៉ូតូធ្លាក់ទឹក ខ្លាចម៉ែជេរ ប្រឌិតរឿងចោរប្លន់ វ៉ៃទម្លាក់ទឹក

ក្រមុំជិះម៉ូតូធ្លាក់ទឹក ខ្លាចម៉ែជេរ ប្រឌិតរឿងចោរប្លន់ វ៉ៃទម្លាក់ទឹក

ខេត្តព្រៃវែង ៖ យុវតីម្នាក់ ជិះម៉ូតូធ្លាក់ចូលទឹកប្រឡាយដោយខ្លួនឯង បណ្តាលឱ្យសន្លប់ លុះដឹងខ្លួនវិញ រកម៉ូតូអត់ឃើញ ខ្លាចម៉ែជេរ ក៏ប្រឌិតថាត្រតូវចោរវាយប្លន់ម៉ូតូ លុះសមត្ថកិច្ចជំនាញចុះស្រាវជ្រាវស៊ើបអង្កេត ដឹងថាគឺជារឿងប្រឌិត។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្រោយពីកម្លាំងការិយា ល័យជំនាញ នៃផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ ត្របែក ចុះស្រាវជ្រាវស៊ើបអង្កេត ពេញមួយថ្ងៃ ជុំវិញមានព័ត៌មានវាយប្លន់ម៉ូតូយុវតីឈ្មោះ ឡន ធីតា អាយុ១៥ឆ្នាំ លទ្ធផលរកឃើញថា គឺជារឿងប្រឌិត មិនមែនជាការពិតឡើយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយព័ត៌មាននិងបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានករណីវាយប្លន់ម៉ូតូយុវតីម្នាក់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្រោយទទួលបានព័ត៌មានថា មានក្រុមជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានវាយប្លន់ម៉ូតូជនរងគ្រោះឈ្មោះ ឡន ធីតា រស់នៅភូមិកើតហេតុខាងលើ កម្លាំងនគរបាលជំនាញក្រោមការបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចុះបើកការស៊ើបអង្កេតស្រាវជ្រាវដល់កន្លែងកើតហេតុ រកឃើញតម្រុយឈានដល់ការសន្និដ្ឋានថា មិនមែនជាករណីប្លន់នោះឡើយ។ បន្ទាប់មកទៀត កម្លាំងនគរបាល បានអញ្ជើញក្មេងស្រីរងគ្រោះ មកធ្វើការសាកសួរបំភ្លឺ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ ត្របែក។

ដោយមានការសង្ស័យថាជាការប្រឌិត នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានសាក សួរក្មេងស្រីឈ្មោះ ឡន ធីតា អស់ជាច្រើនលើក ទើបក្មេងស្រីខាងលើ បានឆ្លើយសារភាពថា ករណីនេះ មិន មែនជាការពិតឡើយ គឺខ្លួនជាអ្នកប្រឌិតរឿងនេះឡើងទាំងស្រុង។

យុវតី ឡន ធីតា បានឆ្លើយសារភាពថា តាមពិតនាងជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យធ្លាក់ទឹកប្រឡាយ ហើយនាងបានសន្លប់។ លុះដឹងខ្លួនវិញ រកម៉ូតូមិនឃើញ ហើយខ្លាចអ្នកផ្ទះស្តីបន្ទោស ក៏ប្រឌិតថាជាករណីវាយប្លន់ម៉ូតូតែម្តង។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប្រឌិតរឿងក្លែងខុសពីការពិត បើជួបប្រទះបញ្ហាអ្វី ឬករណីការណាមួយកើតឡើង សូមហ៊ាននិយាយនិងផ្តល់ព័ត៌មានពិត មកកាន់នគរបាល ដើម្បីជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន ដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់បំផុត ព្រោះបើមានការបង្ហោះ ផ្សព្វផ្សាយតាមបណ្តាញសង្គម និងមានការចុះផ្សាយតាមរយៈសារព័ត៌មានអំពីព័ត៌មានមិនពិត អាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស មុខមាត់អង្គភាពនគរបាលខេត្តព្រៃវែង និងនាំទុក្ខដាក់ខ្លួន ព្រោះអាចកើតមានជាបទល្មើស ដោយសារក្លែងប្រឌិតរឿង ហើយមកប្តឹងសមត្ថកិច្ចខុសពីការពិត។

គួររំលឹកថា កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានយុវតីម្នាក់ឈ្មោះឡន ស្រីដា អាយុ១៥ឆ្នាំ មានលំនៅ ភូមិព្រែកផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក បានអះអាងថា ខណៈដែលនាងកំពុងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ព្រៃវែង 1T-5486  តែម្នាក់ឯង តាមខ្នងប្រឡាយ ត្រង់ចំណុចផ្លូវទទឹក ស្ថិតក្នុងភូមិព្រែកផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ស្រាប់ តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នា តាមធាក់ បណ្តាលឱ្យដួលម៉ូតូ រួចចុះមកព្រួតវាយនាងថែម បណ្តាលឱ្យរងរបួសយ៉ាងដំណំ បន្ទាប់មកចាប់បោះនាងចូលប្រឡាយទឹក ហើយប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ដោយសវុត្ថិភាព។ ចំណែករូបនាង ក្រោយពីក្រុមចោរប្លន់ចេញទៅបាត់ នាងខំវាប្រវេប្រវាឡើងពីទឹក រួចទូរស័ព្ទប្រាប់ក្រុមគ្រួសារ ឱ្យមកយកនាងទៅមន្ទីរពេទ្យ និងបានប្តឹងទៅសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយកើតមានករណីខាងលើ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទីបំផុតក៏រកឃើញថា មិនមានករណីធាក់ប្លន់ម៉ូតូ ដូចអ្វីដែលក្មេងស្រីខាងលើលើកឡើងនោះទេ តែជារឿងដែលនាងបានប្រឌិតឡើងប៉ុណ្ណោះ មូលហេតុខ្លាចម្តាយស្តីបន្ទោស៕

RELATED ARTICLES