Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រសួងការពារជាតិ ព្រមានចាត់ការជនស៊ីវិល ប្រើស្លាកលេខ ខ.ម

 ក្រសួងការពារជាតិ ព្រមានចាត់ការជនស៊ីវិល ប្រើស្លាកលេខ ខ.ម

ភ្នំពេញ ៖ ក្រោយមានការរិះគន់ដូចទឹកបាក់ទំនប់ ពីសំណាក់មជ្ឈដ្ឋានមហាជន ជុំវិញរឿងរ៉ាវរថយន្តពាក់ស្លាក លេខ ខេមរភូមិន្ទ (ខ.ម) បង្កគ្រោះថ្នាក់ចរាចរណ៍ ទាំងអ្នកបើកបរខ្លះជាជនស៊ីវិល និងខ្លះទៀតជាជនបរទេស ពិសេសខ្លះទៀតបើករត់គេច មិនទទួលខុសត្រូវនោះ ក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹង ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលប្រើប្រាស់ស្លាកលេខ ខ.ម ដោយខុសច្បាប់។

យោងតាមសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់យានយន្តពាក់ស្លាកលេខខេមរភូមិន្ទ របស់ក្រសួងការពារជាតិ ចេញផ្សាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា «យោងតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹងដល់បណ្តាស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ឱ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរ ខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនស័ក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹង និងបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរ ខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេស ប្រើប្រាស់បានឡើយ។ ការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរ ខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានា ក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន»៕

RELATED ARTICLES