Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់ដកហូតទុក១ខែ

 ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់ដកហូតទុក១ខែ

ខេត្តត្បូងឃ្មុំ ៖ ក្មេងទំនើង ចំនួន២នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវ គាប់ជួនកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ប្រដេញចាប់ឃាត់យកមកអប់រំ រួចកោះហៅឪពុកម្តាយមកធានាយកត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចដកហូតទុក ១ខែ ជាការព្រមាន។

ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិជីកែ សង្កាត់វិហារលួង ក្រុងសួង។

ក្មេងស្ទាវបង្ហោះម៉ូតូ ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះរុន អ៊ីអូន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិសួងកើត សង្កាត់សួង ក្រុងសួង និងទី២-ឈ្មោះលឹម ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិសួងកើត សង្កាត់សួង ក្រុងសួង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានចុះធ្វើការល្បាតតាមនៅភូមិសាស្ត្រមួយចំនួន បានប្រទះមុខសញ្ញាក្មេងទំនើង ដែលបានកំពុងបង្ហោះម៉ូតូ នៅចំណុចភូមិជីកែ សង្កាត់វិហារលួង ក្រុងសួង។ ឃើញដូច្នេះ កងកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន យកមកប៉ុស្តិ៍រដ្ឋបាល ចំនួន២នាក់ (ឈ្មោះរុន អ៊ីអូន និងឈ្មោះលឹម ដាវីន)។

ក្រោយពីបានធ្វើការអប់រំណែនាំរួច ក្មេងទំនើងទាំង២នាក់ បានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ថាយល់ព្រមទទួលស្គាល់នូវរាល់កំហុសឆ្គងដែលខ្លួនបានប្រព្រឹត្ត និងឈប់ប្រព្រឹត្តរាល់បទល្មើសដែលខុសច្បាប់ ឈប់ធ្វើជាក្មេងទំនើង និងសន្យាថា នឹងខិតខំកែប្រែខ្លួន ឱ្យក្លាយជាមនុស្សល្អឡើងវិញ នៅក្នុងសង្គម។

បន្ទាប់ពីបានធ្វើកិច្ចសន្យាហើយ សមត្ថកិច្ចបានកោះហៅឪពុកម្តាយ និងអាណាព្យាបាលរបស់ជនទាំងពីរ ដើម្បីមកធានានិងនាំខ្លួនក្មេងទំនើងទាំងពីរនាក់ខាងលើ ទៅធ្វើការអប់រំបន្តនៅផ្ទះ។ ករណីបើមិនរាងចាល ឬនៅតែប្រព្រឹត្តល្មើសសាជាថ្មី សមត្ថកិច្ចនឹងធ្វើការទៅតាមនីតិវិធី ដែលបានកំណត់។ ចំណែកម៉ូតូដែលយុវជនទាំង២នាក់ ជិះបង្ហោះ ត្រូវបានសមត្ថកិច្ចដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង រយៈពេល ១ខែ៕

RELATED ARTICLES