Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរួ...ម...ភេ...ទរួច ស៊ីដាច់ទូរស័ព្ទស្រី២ពាន់ដុល្លារ

រួ…ម…ភេ…ទរួច ស៊ីដាច់ទូរស័ព្ទស្រី២ពាន់ដុល្លារ

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ រហូតត្រូវប្រុសស្នេហ៍ល្បួងនាំចូលដេកផ្ទះសំ ណាក់ រួមភេទ១យប់ លុះព្រឹកឡើង ប្រុសជើងល្អ ប្រើល្បិចខ្ចីទូរស័ព្ទស្រី ម៉ាក iPhone 15 Pro តម្លៃជិត២ពាន់ដុល្លារ យកទៅដកលុយតាមវីង រួចគេចខ្លួនបាត់ ទុកឱ្យនារីជាសង្សារដេកចាំក្នុងផ្ទះសំណាក់ ចាំបាត់ៗ ទើបភ្ញាក់ខ្លួនថាត្រូវប្រុសបោកប្រាស់ស៊ីទាំងខ្លួនប្រាណ និងទូរស័ព្ទ ក៏ប្រញាប់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីប្រុសស្នេហ៍ល្បួងឡើងផ្ទះសំណាក់ ស៊ីដាច់ទាំងទូរស័ព្ទស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ «បទុមសុវណ្ណ» មានទីតាំងស្ថិតនៅតាមផ្លូវលេខ 69BT ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះ សុំមិនបង្ហាញអត្តសញ្ញាណ មានអាយុប្រមាណ៣៤ឆ្នាំ។ រីឯជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ។តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងបានស្គាល់គ្នាជាមួយជនសង្ស័យ តាមរយៈការណែនាំពីមិត្តភក្តិ រួចក៏បានទាក់ទងស្នេហាគ្នាតាមឆាត រហូតត្រូវជនសង្ស័យលួងលោមចូលដេកផ្ទះសំណាក់ ហើយក៏បោកយកទូរស័ព្ទ ម៉ាក iPhone 15 Pro ១គ្រឿង តម្លៃជិត២ពាន់ដុល្លារ យកទៅបាត់តែម្តង ទើបនាងសម្រេចមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចតាមស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកចាត់ការតាមច្បាប់។

ស្ត្រីរងគ្រោះ បានបន្តថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យ បានទាក់ទងមកនាងតាមទូរស័ព្ទ ដោយលួងលោមបបួលនាងចេញទៅដើរលេង រួចក៏ត្រូវរ៉ូវគ្នាចូលផ្ទះសំណាក់ “បទុមសុវណ្ណ” ស្ថិតនៅតាមផ្លូវលេខ 69BT ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដេកជាមួយគ្នា១យប់ ។

ស្ត្រីខាងលើ បានឱ្យដឹងបន្តទៀតថា រហូតមកដល់ព្រឹកឡើង ថ្ងៃទី២៩ ខែកុម្ភ ឆ្នាំ២០២៤ ជនសង្ស័យបានប្រើល្បិចកុហកនាងថា ទូរស័ព្ទរបស់គេអស់ថ្ម និងសុំខ្ចីទូរស័ព្ទនាង ដើម្បីដាក់ស៊ីម ទៅដកលុយតាមវីង។ ពេលនោះ ដោយហេតុតែជឿទុកចិត្តពេក ទើបនាងបានយល់ព្រមឱ្យទូរស័ព្ទ ម៉ាក iPhone 15 Pro របស់នាង ដែលមានតម្លៃជិត ២ពាន់ដុល្លារ ទៅជនសង្ស័យខ្ចី រួចហើយជនសង្ស័យ បានចេញទៅបាត់ ដោយទុកឱ្យនាងដេកក្នុងផ្ទះសំណាក់ម្នាក់ឯង។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ក្រោយពីចាំបាត់ៗ អស់រយៈពេលជាង៣០នាទី រួចមក នាងបានទូរស័ព្ទទៅសួរ ជនសង្ស័យថា “បងមកវិញនៅ?” ជនសង្ស័យឆ្លើយថា “អត់អីទេ រួចឥឡូវហើយ បងរវល់ទិញបាយម្ហូប យកទៅហូបនៅបន្ទប់តែម្តង ខ្ជិលចេញមកវិញច្រើនដង”។ លុះក្រោយរង់ចាំយ៉ាងយូរ នៅតែមិនឃើញជនសង្ស័យត្រ ឡប់មកវិញ ហើយទូរស័ព្ទក៏មិនចូលទៀត ទើបនាងភ្ញាក់ខ្លួនដឹងថា ចាញ់បោកប្រុសព្រាន ក៏ពឹងសន្តិសុខផ្ទះសំ ណាក់ ឱ្យជួយជូននាងទៅដាក់ពាក្យបណ្តឹង ដោយនាងបានសុំវីដេអូកាមេរ៉ាសុវត្ថិភាព ពីផ្ទះសំណាក់ ដើម្បីផ្តិតយករូបភាព ជនសង្ស័យ ដាក់ជូនសមត្ថកិច្ចទៀតផង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ តាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីការតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES