Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំកូនចៅរាវលៀស លង់ទឹកស្លាប់២នាក់

នាំកូនចៅរាវលៀស លង់ទឹកស្លាប់២នាក់

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ បាននាំកូននិងចៅរបស់ខ្លួន ចំនួន២នាក់ ចេញទៅរាវលៀសនៅក្នុងស្ទឹង លុះទៅដល់ រវល់តែរាវលៀសភ្លេចខ្លួន ស្រាប់តែកូននិងចៅតូចទាំង២នាក់ លង់ទឹកស្លាប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចស្ទឹងមួយកន្លែង ស្ថិតក្នុងភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ។

ក្មេងប្រុសរងគ្រោះទាំង២នាក់ ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះព្រុំ ធូវីរៈ ភេទប្រុស អាយុ៨ឆ្នាំ និងទី២-ឈ្មោះរី  វ៉ាន់ឌី ភេទប្រុស អាយុ៩ឆ្នាំ។ ក្មេងប្រុសរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបំភ្លឺពីស្ត្រីឈ្មោះដូង គា អាយុ៣៦ឆ្នាំ ត្រូវជាម្តាយរបស់ក្មេងប្រុសរងគ្រោះឈ្មោះព្រុំ ធូវីរៈ និងត្រូវជាជីដូនរបស់ក្មេងប្រុសរងគ្រោះឈ្មោះរី វ៉ាន់ឌី បានរៀបរាប់ប្រាប់ថា កូននិងចៅប្រុសរបស់គាត់ទាំង២នាក់ខាងលើ ពិត ជាបានលង់ទឹកស្លាប់ប្រាកដមែន។

ស្ត្រីជាម្តាយ និងជាជីដូនរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់បន្តថា មុនពេលកើតហេតុ គាត់បាននាំកូនប្រុសតូច និងចៅប្រុសតូចរបស់គាត់ ចេញទៅរាវលៀស នៅក្នុងស្ទឹង ដូចសព្វដង។ លុះពេលទៅដល់ គាត់បានទុកឱ្យកូននិងចៅ ទាំង២នាក់លេងនៅមាត់ច្រាំង ចំណែកគាត់បានចុះរាវលៀស ស្រាប់តែពេលរវល់ឈ្ងោករាវលៀ សមួយសន្ទុះ ក្រឡេករកមើលកូននិងចៅ នៅលើគោក បែរជាបាត់ឈឹង មិនដឹងទៅណា ទើបស្រែកឆោឡោ ផ្អើលដល់អ្នកភូមិនាំគ្នាចុះរាវរក ដោយសង្ស័យលង់ទឹក ទីបំផុតប្រទះឃើញទាំង២នាក់លង់ទឹកស្លាប់មែន ទើបស្រង់សពយកទៅផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះទាំង២នាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES