Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកភូមិរៃលុយទិញសូឡាបំភ្លឺផ្លូវ ចោរលួចហ្មត់

អ្នកភូមិរៃលុយទិញសូឡាបំភ្លឺផ្លូវ ចោរលួចហ្មត់

ខេត្តបាត់ដំបង ៖ បង្គោលដែកបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ ចំនួន២ដើម ដែលប្រជាពលរដ្ឋនៅក្នុងភូមិ ខំនាំគ្នារៃអង្គាសប្រាក់ ទិញយកមកបំពាក់សម្រាប់បំភ្លឺផ្លូវ ងាយស្រួលធ្វើដំណើរនៅពេលយប់ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពជីកគាស់ កាប់ផ្តួល លួចយកអំពូលភ្លើងសូឡា ទៅបាត់អស់ ទុកតែបង្គោលដេកដេកដួលនៅលើដងផ្លូវប៉ុណ្ណោះ។

ករណីក្រុមចោរលួចភ្លើងសូឡាបំភ្លឺផ្លូវនេះ បានកើតឡើង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅម្តុំភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

លោកភី សុខ រស់នៅភូមិជ្រៃកោង បានបញ្ជាក់ប្រាប់ថា អំពូលភ្លើងសូឡា ២គ្រាប់ ត្រូវដែលអ្នកភូមិរៃប្រាក់គ្នាទិញ យកមកបំពាក់បំភ្លឺតាមផ្លូវក្នុងភូមិ ត្រូវចោរលួចបាត់ រីឯបង្គោលដែក ក៏ពួកចោរព្យាយាមលួចដែរ តែកាច់មិនបាក់។ លោកថាសព្វថ្ងៃ អ្នកភូមិកំពុងព្រួយបារម្ភយ៉ាងខ្លាំង អំពីសន្តិសុខនៅក្នុងមូលដ្ឋាន ដោយសារតែសកម្មភាពពួកចោរ ដើរធ្វើសកម្មភាពស្ទើររាល់យប់។

អ្នកភូមិកត់សម្គាល់សង្កេតឃើញ ក្រុមចោរធ្វើសកម្មភាពខ្លាំងក្នុងការដើរលួចបង្គោលដែក និងភ្លើងសូឡា ដែលបំពាក់បំភ្លឺនៅតាមដងផ្លូវសាធារណៈនានា បង្កអសន្តិសុខ នៅក្នុងមូលដ្ឋានយ៉ាងគឃ្លើន ហាក់គ្មានខ្លាចរអាសមត្ថកិច្ចបន្តិចណាសោះ។

លោកភី សុខ បន្តថា កន្លងទៅ ពួកចោរតែងតែគាស់ផ្ទះប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិ ឬលួចសម្ភារផ្សេងៗ តែពេលនេះ ដល់វគ្គក្រុមចោរដើរលួចអំពូលភ្លើង និងបង្គោលសូឡាម្តង តែសមត្ថកិច្ចហាក់សំងំស្ងៀមឈឹង មិនកម្រើកឡើយ ។

សូមបញ្ជាក់ថា សកម្មភាពក្រុមចោរដើរលួចបង្គោលដែក និងអំពូលភ្លើងសូឡា នៅតាមដងផ្លូវពេលយប់នេះ ហាក់កម្រើកខ្លាំង នាប៉ុន្មានខែចុងក្រោយនេះ។ ជាក់ស្តែង កន្លងមក គេកត់សម្គាល់ឃើញក្រុមចោរដែលលួចភ្លើងសូឡានេះ បានធ្វើសកម្មភាពខ្លាំង នៅម្តុំភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីមុន ក្រុមចោរតែងធ្វើសកម្មដើរលួចកាត់ខ្សែភ្លើង ឥឡូវអស់ខ្សែភ្លើងលួច ពួកចោរបែរមកលួចបង្គោលនិងភ្លើងសូឡាម្តង គឺលួចខ្ទេចខ្ទីគ្មានសល់អ្វីទេ ហេតុនេះពួកគាត់សំណូមពរឱ្យសមត្ថកិច្ចជួយល្បាត និងស្រាវស្រាវតាមចាប់ក្រុមជនសង្ស័យទាំងនោះផង៕

RELATED ARTICLES