Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតបើកឡានបុករបាំងថ្ម ក្រឡាប់ របួសធ្ងន់

ស្រីស្អាតបើកឡានបុករបាំងថ្ម ក្រឡាប់ របួសធ្ងន់

ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ និងធ្វើឱ្យនារីជាអ្នកបើកបរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុងកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក KIA Carnival ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-5679 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើត មកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ មិនបានប្រយ័ត្ន បានរេចង្កូតទៅខាងឆ្វេងដៃ បុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាល ពេញទំហឹង បណ្តាលឱ្យបាក់មួយកង់។ ចំណែករថយន្តបង្កហេតុ បានក្រឡាប់ជាច្រើនត្រឡប់ ទៅកល់ជាប់នឹងដើមឈើមួយដើម រងការខូចខាតយ៉ាងដំណំ និងបង្កឱ្យនារីជាអ្នកបើករថយន្ត រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើកំណត់ហេតុ រួចស្ទួចយករថយន្តបង្កហេតុ ទៅរក្សាទុក រង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES